ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានអំពាវនាវម្តងទៀតឲ្យមានការដោះលែងអ្នកជាប់ឃុំទាំងអស់ជាបន្ទាន់នៅក្នុងប្រទេសមីយ៉ាន់ម៉ា រួមទាំងលោកស្រី Aung San Suu Kyi ទីប្រឹក្សារដ្ឋនិងលោកប្រធានាធិបតី Win Myint ហើយឲ្យបញ្ចប់អំពើហិង្សា។
នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃព្រហស្បតិ៍ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានសម្តែងនូវក្តីបារម្ភយ៉ាងខ្លាំងចំពោះ« ស្ថានការណ៍ដែលធ្លាក់ដុនដាបកាន់តែឆាប់រហ័ស» នៅក្នុងប្រទេសមីយ៉ាន់ម៉ាហើយបានថ្កោលទោសយ៉ាងខ្លាំងដល់ការប្រើកម្លាំងដ៏សាហាវដោយកងកម្លាំងសន្តិសុខនិងប៉ូលិសប្រឆាំងនឹងក្រុមបាតុករគាំទ្រលទ្ធិប្រជាធិបតេយ្យដោយសន្តិវិធីនិងការស្លាប់ជនស៊ីវិលរាប់រយនាក់ រួមទាំងស្ត្រីនិងកូនក្មេងផង។
ក្រុមប្រឹក្សាសន្តិសុខក៏បានអំពាវនាវដល់ពួកយោធាឲ្យ «អនុវត្តប្រកបដោយការអត់ធ្មត់បំផុត» ហើយឲ្យភាគីទាំងអស់«ទប់កុំឲ្យមានអំពើហិង្សា»។