គួរបញ្ជាក់ថាមកទល់ពេលនេះ ការវាយបង្រ្កាបលើបាតុករបានបណ្តាលឲ្យមានមនុស្សស្លាប់ជាង ៦០០នាក់ ហើយ ក្រុមប្រឹក្សាសន្តិសុខបានទទួលគំនាបកាន់តែខ្លាំងឲ្យជួយសង្រ្គោះជីវិតប្រជាជនភូមា។
ស្ថានការណ៍វឹកវរនៅក្នុងប្រទេសភូមាកំពុងបន្តក្លាយជាក្តីកង្វល់របស់សហគមន៍អន្តរជាតិ។ ក្នុងថ្ងៃសុក្រ ទី៩ មេសា ប្រេសិតរបស់អង្គការសហប្រជាជាតិលោកស្រី Christine Schraner Burgener បានផ្តើមទស្សនកិច្ចមួយជុំតំបន់អាស៊ី។ លោកស្រី Christine បានផ្តើមទស្សនកិច្ចនៅក្នុងប្រទេសថៃដែលជាប្រទេសជិតខាងភូមា មុននឹងធ្វើដំណើរទៅកាន់ភូមា និងប្រទេសចិន។ តែជាថ្មីម្តងទៀត របបសឹកភូមាបានបដិសេធមិនទទួលលោកស្រីទេ។ ក្នុងពេលពេលជាមួយគ្នា ក្រុមប្រឹក្សាសន្តិសុខបានបើកកិច្ចប្រជុំជាថ្មីដែលលើកនេះជាកិច្ចប្រជុំសាធារណៈលើកទី១ គិតតាំងពីក្រោយរដ្ឋប្រហារនៅភូមាថ្ងៃទី១ កុម្ភៈ។