សាងសង់​ផែ​ទេសចរណ៍​កោះទន្សាយ​ក្នុង​ខេត្ត​កែប ។

យោងតាមគេហទំព័ររបស់ ក្រសួងសាធារណៈការ និង ដឹកជញ្ជួន លោក ម៉ម ទូច ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្ត​កែប បាន​លើក​ឡើងថា គម្រោង​សាងសង់​ផែ​ទេសចរណ៍​នៅ​កោះទន្សាយ​ គ្រោង​នឹង​បញ្ចប់​នា​ចុងខែ​សីហា​ខាងមុខនេះ ដើម្បី​លើកកម្ពស់​ទេសចរណ៍​ក្នុង​ខេត្ត​កែប​។​​

ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​ដែល​រៀបចំ​ដោយ​អង្គភាព​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​ស្តីពី​វឌ្ឍនភាព​មូលដ្ឋាន​ឃុំ​-​សង្កាត់ និង​ទិសដៅ​ការងារ​បន្ត​របស់​ខេត្ត​កែប នៅ​ថ្ងៃ​ទី​០២ ខែ​កុ​ម្ភៈ ឆ្នាំ​២០២១​នេះ លោក ម៉ម ទូច ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្ត​កែប​ បាន​មានប្រសាសន៍ថា គម្រោងការ​សាងសង់​ផែ​ទេសចរណ៍ កោះទន្សាយ បាន​បើក​ដំណើរការ​សាងសង់​កាល​ពី​ចុងឆ្នាំ​២០១៨ សម្រាប់​បម្រើ​ឲ្យ​វិស័យ​ទេសចរណ៍​តែមួយ​មុខ​ប៉ុណ្ណោះ ដោយឡែក​ការ​ដឹកជញ្ជូន​ទំនិញ​ផ្សេងៗ​មិន​អាច​ប្រើប្រាស់​កំពង់ផែ​នេះ​បានឡើយ ខណៈ​គម្រោង​សាងសង់​ផែ​នេះ​ត្រូវបាន​ពន្យារពេល​ដល់​ចុងខែ​សីហា​ខាងមុខ​ដោយសារ​កត្តា​នៃ​ការ​រាតត្បាត​ពី​ជំងឺ​កូ​វីដ​១៩​។​​​

ការសាងសង់​កំពង់ផែ​ទេសចរណ៍​កែប កោះទន្សាយ គឺ​ស្ថិត​នៅលើ​ទីតាំង​ផែ​ចាស់ ស្ថិតក្នុង​ភូមិ​កែប សង្កាត់​កែប ក្រុងកែប ខេត្ត​កែប ដែល​មាន​រូបរាង ​ជា ក្តាម មាន​ចម្ងាយ​ពី​ដីគោក ចូលទៅក្នុង​សមុទ្រ​ប្រមាណ ៣០៦​ម៉ែត្រ ទទឹង ៦៨​ម៉ែត្រ មាន​ផ្ទៃក្រឡា​សរុប​ប្រមាណ ជិត​៥​ពាន់​ម៉ែត្រការ៉េ ប្រើប្រាស់​ថវិកា​សាងសង់​សរុប​ជិត ៥​ពាន់​លាន​រៀល​។

កំពង់ផែ​នេះ មានលទ្ធភាព​អាច​ទទួល​ចត​នាវា​ដែល​អាច​ដឹក​មនុស្ស​បាន​ក្រោម ៣០០​នាក់​។​សូម​ជម្រាប​ជូន​ថា កំពង់ផែ​មួយ​នេះ​ត្រូវ​បាន​រដ្ឋបាលខេត្ត​កែប ផ្តល់​សិទ្ធិ​អនុញ្ញាត​ឱ្យទៅ​វិស័យ​ឯកជន​ជា​អ្នកគ្រប់គ្រង កាលពី​អំឡុង​ខែ​វិច្ឆិកា ឆ្នាំ​២០២០​កន្លងទៅ ក្នុងនោះ ​អាជ្ញាធរខេត្ត​កែប តាមរយៈ​ផែ​ទេសចរណ៍​នេះ រំពឹង​ថា​នឹង​ទទួលបាន​កំណើន​ទេសចរណ៍​បន្ថែមទៀត​នាពេលខាងមុខ​ផងដែរ​៕


បញ្ចេញមតិយោបល់ 

Array