កិរិយាតម្កល់ចិត្តក្នុងសីល។

 

កិច្ចប្រតិបត្តិក្នុងព្រះពុទ្ធសាសនា ដែលជាគោលសំខាន់បំផុត មាន៣យ៉ាងគឺៈ
សីល ១, សមាធិ ១, បញ្ញា ១ ។

គុណជាតិទាំង៣នេះ គឺសីលជាគុណជាតិដែល យោគាវចរត្រូវរក្សាមុន ជាងគុណជាតិដទៃទាំងអស់ ក្នុងកិច្ចប្រតិបត្តិ ដើម្បីប្រព្រឹត្តទៅធ្វើ ឲ្យជាក់ច្បាស់នូវផ្លូវ ព្រះនិព្វាន ដែលជាទីរលត់បង់នូវ សេចក្តីទុក្ខ ទាំងពួង។


ព្រោះថា កាលបើសីលមិនមានក្នុងសន្តានចិត្តនៃយោគាវចរហើយ សមាធិ ការ តម្កល់ចិត្តនឹង ក៏មិនមាន និងមិនអាចញ៉ាំង វិបស្សនាបញ្ញា ឲ្យកើតឡើង បានដោយពិត ។

មានសេចក្តីនៅក្នុងគុម្ពីរ វិសុទ្ធិមគ្គ ភាគ១ថាៈ បុរសឈរស៊ប់នៅលើផែនដី លើក នូវកាំបិតដែលបានសំលៀងយ៉ាងមុត ហើយកាប់នូវ គុម្ពឬស្សីយ៉ាងធំបាន មាន សេចក្តីឧបមាយ៉ាងណា យោគាវចរដែលស្ថិត នៅលើផែនដី គឺសីល លើកឡើងនូវកាំបិត គឺវិបស្សនាបញ្ញា ដែលបានសំលៀងយ៉ាងមុតល្អ ដោយថ្មសំលៀងគឺសមាធិ ដោយដៃគឺ បរិហារិកប្បញ្ញា ដែលផ្គងលើងដោយកម្លាំង នៃសេចក្តីព្យាយាម កាត់ ផ្តាច់នូវបណ្តាញគឺ តណ្ហា ដែលធ្លាក់ចុះក្នុងសន្តាន នៃខ្លួននោះទាំងអស់បាន ក៏មានសេចក្តីឧបមេយ្យ យ៉ាងនេះដែរ ។ 


ព្រះពុទ្ធដីកាថាៈ

សីលេ បតិដ្នាយ នរោ សបញ្ញោ ចិត្តំ បញ្ញញ្ច ភាវយំ អាតាបី និបកោ ភិក្ខុ សោ ឥមំ វិជជយេ ជដំ នរ:ប្រកបដោយបញ្ញា ស្ថិតនៅស៊ប់ក្នុងសីល កាលចំរើននួវចិត្តផង បញ្ញាផង ជាអ្នកមានសេចក្តីព្យាយាម ជាគ្រឿងដុតកំដៅ នូវកិលេសជាប្រក្រតី មានប្រាជ្ញាជា គ្រឿងរក្សាខ្លួន ឃើញភ័យក្នុងសង្សារ នរ:នោះគប្បីកាត់ផ្តាច់ នូវបណ្តាញនេះបាន ។ បណ្តាធម៌ទាំង៣នេះ សូមលើកយកត្រង់ពាក្យថា សីលដែលជាកិច្ចប្រតិបត្តិ ដំបូងរបស់ពុទ្ធបរិស័ទ ក្នុងសាសនានេះ មកបកស្រាយមុន ដូចតទៅៈ


អ្វីជាតួសីល?
ធម៌៤យ៉ាងគឺ ចេតនា១, ចេតសិក១, សំវរ:១, អវិតិក្កម:១ របស់បុគ្គលវៀរចាកអំ ពើ មានបាណាតិបាតជាដើម ឬថារបស់បុគ្គល កាលបំពេញ នូវវត្តិប្រតិបត្តិ ហៅថា សីល ន័យក្នុងបដិសម្ភិទា មានពោលថាៈ
ចេតនា សីលំ ចេតសិកំ សីលំ សំវរោ សីលំ អវិតិក្កមោ សីលំ ប្រែថា ចេតនាជាតួសីល ចេតសិកជាតួសីល សេចក្តីសង្រួមជាតួសីល ការមិនប្រព្រឹត្តកន្លងជាតួសីល ។


 

 

១- ចេតនា សីលំ

ចេតនាជាតួសីល ព្រះពុទ្ធដីកាថាៈ ចេតនាហំ ភិក្ខវេ សីលំ វទាមិ ម្នាលភិក្ខុទាំង ឡាយ តថាគតហៅថា ចេតនាជាតួសីល ។ ចេតនាមានន័យថា ធម្មជាតិអ្នកគិត អ្នកចាត់ចែង អ្នកសន្សំ វិគ្គហថាៈ
អភិសន្ទហតីតិចេតនា ធម្មជាតិចាត់ចែងហៅថា ចេតនា បានសេចក្តីថា ធម្មជាតិដែលញ៉ាំង សម្បយុត្តធម៌ គឺចិត្តនិងចេតសិក ដែលប្រកបជាមួយ ឲ្យហូរចុះទៅក្នុងសីល ។ ការគិត គំនិត ការចាត់ចែង របស់បុគ្គល វៀរចាកបញ្ចវេរា គឺសម្លាប់សត្វ១, ការកាន់យកទ្រព្យសម្បត្តិ ដែលគេមិនបានឲ្យ១, ការប្រព្រឹត្តខុសក្នុងកាម១, ការពោល ពាក្យកុហក១, ការផឹកទឹកស្រវឹង មានសុរានិងមេរ័យ១ តាមផ្លូវកាយ ឬផ្លូវវាចា ហៅ ថាសីល ។ ម៉្យាងទៀត ចេតនាក្នុង កម្មបថ ៧យ៉ាង គឺ កាយកម្ម៣ និង វចីកម្ម៤ របស់បុគ្គល កាលលះបង់ នូវអំពើមានកិរិយា ញ៉ាំងសត្វមានជីវិត ឲ្យធ្លាក់ចុះកន្លង គឺសម្លាប់សត្វ ជាដើម ក៏ហៅថាសីល ។


២- ចេតសិកំ សីលំ
ចេតសិកជាតួសីល ចេតសិកមានន័យថា ធម្មជាតិមានសេចក្តីកើត សេចក្តី រលត់ អារម្មណ៍និងវត្ថុ ជាមួយគ្នាដោយចិត្ត ហៅថាចេតសិក តែនៅក្នុងទីនេះបានដល់ធម៌៣យ៉ាងគឺៈ
១- អនភិជ្ឈា ការមិនសម្លឹងរំពៃចង់បានទ្រព្យរបស់គេ មកធ្វើជាទ្រព្យរបស់ខ្លួន ដែលជាអលោភចេតសិក ។
២- អព្យាបាទោ ការមិនចងគំនុំចង់ឲ្យសត្វដទៃវិនាស ដែលជាអទោសចេតសិក។
៣- សម្មាទិដ្និ ការយល់ឃើញត្រូវ ដែលជាអមោហចេតសិកហៅថាសីល ។
ដូចមានព្រះពុទ្ធដីកាជាដើមថាៈ ចេតសិក សីលំ នាម អភិជ្ឈំ បហាយ វិគតាភិជ្ឈេន ចេតសោ វិហរតិ បុគ្គលលះបង់នូវអភិជ្ឈា មានចេតនាដែលមាន អភិជ្ឈាទៅប្រោសហើយ គង់នៅ ឈ្មោះថា ចេតសិកសីល ។


 

៣- សំវរោ សីលំ
សេចក្តីសង្រួមជាតួសីល សេចក្តីសង្រួម៥យ៉ាងគឺៈ
៣. ១- បាតិមោក្ខសំវរោ សេចក្តីសង្រួមនូវកាយ វាចា ទៅតាមសិក្ខាបទដែលមាន នៅក្នុង បាដិមោក្ខ បានដល់បរាជិក៤, សង្ឈាទិសេស១៣, អនិយត២, និស្សត្តិយបាចិត្តយ៣០, សុទ្ធិកបាចិត្តយ៩២,
បាដិទេសនិយ៤, សេក្ខិយវត្ត៧៥, អធិករណ សមថ៧ រួមជា២២៧ (សិក្ខាបទសម្រាប់ភិក្ខុសង្ឃ) និងសេចក្តីសង្រួមកាយ វាចាមិន ប្រព្រឹត្តកន្លងនូវសិក្ខាបទ ដែលព្រះដ៏មានព្រះភាគទ្រង់បញ្ញត្តហើយ ខាងក្រៅបាតិ មោក្ខបានដល់ពួកសិក្ខាបទ ដែលជាពួកថុល្លច្ចយាបត្តិ, ទុក្កដាបត្តិ, ទុព្ភាសិតាបត្តិ សីលនេះជាបាតិមោក្ខសំវរសីល ។

៣.២- សតិសំវរោ សេចក្តីសង្រួមសតិ បានដល់ការសង្រួមឥន្រ្ទិយទាំង៦ គឺៈ
ចក្ខុន្រ្ទិយ១, សោតិន្រ្ទិយ១, ឃានិន្រ្ទិយ១, ជីវ្ហិន្រ្ទិយ១, កាយិន្រ្ទិយ១, មនិន្រ្ទិយ១ គឺ ជាការសង្រួមស្មារតី តាមផ្លូវភ្នែក-ត្រចៀក -ច្រមុះ-អណ្តាត -កាយ-និងចិត្ត ហាមឃាត់ មិនឲ្យអកុសលធម៌ គឺអភិជ្ឈានិង ទោមនស្ស និងបាបធម៌ កើតឡើង គ្របសង្កត់ចិត្តបាន ក្នុងខណ:ដែលមានអារម្មណ៍ មានរូបារម្មណ៍ជាដើម មកប៉ះខ្ទប់នឹងទ្វារ មាន ចក្ខុទ្វារជាដើម ។ សីលនេះជា ឥន្រ្ទិយសំវរសីល។

៣. ៣- ញាណសំវរោ សេចក្តីសង្រួមញាណ(ការដឹង) បានដល់ប្រាជ្ញាដែលតម្កល់ ដោយប្រពៃ ពិចារណាក្នុងការប្រើប្រាស់នូវបច្ច័យ៤ គឺ ចីវរប្បច្ច័យ១, បិណ្ឌបាតបច្ច័យ១, សេនាសនបច្ច័យ១,
គិលានភេសជ្ជបច្ច័យ១ តាមសមគួរដល់ធម៌នៃការ ប្រើប្រាស់បច្ច័យ របស់អ្នកបួសមានធាតុបច្ចវេក្ខណ:ជាដើម ។ សីលនេះ ជាបច្ចយ សន្និស្សិតសីល ។

៣. ៤- ខន្តិសំវរោ សេចក្តីសង្រួមក្នុងការអត់ទ្រាំគ្រប់យ៉ាង ចំពោះត្រជាក់និងក្តៅ លោកធម៌៨គឺ លាភ១, យស១, អយស១, និន្ទា១, សរសើរ១, សុខ១, ទុក្ខ១ ជាដើម ដែលកើតឡើងដល់ខ្លួន ។
៣. ៥- វិរិយសំវរោ សេចក្តីសង្រួមនូវការព្យាយាម បានដល់នូវការព្យាយាមអត់ សង្កត់ កម្ចាត់បង់នូវ អកុសលវិតក្ក:៣គឺ កាមវិតក្ក: សេចក្តីត្រិះរិះពីកាម១, ព្យាបាទ វិតក្ក: សេចក្តីត្រិះរិះពីព្យាបាទ១,
វិហិង្សាវិតក្ក: សេចក្តីត្រិះរិះបៀតបៀនសត្វ១ ដែលកើតឡើងគ្របសង្កត់ចិត្ត ។
សេចក្តីសង្រួម៥យ៉ាង និងចេតនាវៀរចាក ចំពោះវត្ថុដែលដល់ព្រម របស់កុលបុត្ត ដែលជាអ្នក ភ័យខ្លាចក្នុងបាប ក៏ហៅថា សំវរសីលទាំងអស់ ។


 

៤- អវិតិក្កមោសីលំ
ការមិនប្រព្រឹត្តកន្លងជាតួសីល បានដល់ការមិនប្រព្រឹត្តកន្លង ដែលប្រកបដោយ កាយ វាចា របស់បុគ្គលដែល បានសមាទានសីល មានសីល៥ជាដើម ។ ឧបាសក ឧបាសិកា ដែលបានសមាទានសីល ពីបុគ្គល ឬព្រះសង្ឃហើយ ក៏ប្រឹងសង្រួមកាយវាចា ដោយប្រពៃតាមសិក្ខាបទ ដែលខ្លួនបាន សមាទានហើយ គឺមិនប្រព្រឹត្តកន្លងនូវ សិក្ខាបទណាមួយឡើយ ។ សីលរបស់ ឧបាសក-ឧបាសិកា ដែលកើតឡើងនេះឯង ហៅថា អវិតិក្កមសីល ។


បញ្ចេញមតិយោបល់ 

Array

ឯកសារពិគ្រោះ៖  https://km.wikipedia.org/wiki/កិរិយាតំកល់ចិត្តក្នុងសីល