ខេត្តកោះកុងទាំងមូលជាខេត្តដែលប្រកបដោយសក្តានុពលទេសចរណ៍ធម្មជាតិ សត្វព្រៃ និង តំបន់បូរាណមួយចំនួន។ ក្នុងនោះ តំបន់អេកូទេសចរណ៍អារ៉ែង ជាតំបន់ដែលមានសក្តានុពលខ្លាំងជាងគេ ដោយសារមានព្រៃភ្នំ ទឹកស្ទឹង ទឹកជ្រោះ ។
តំបន់អេកូទេសចរណ៍អារ៉ែងមានចម្ងាយប្រមាណ២៤គីឡូម៉ែត្រពីទីរួមស្រុកថ្មបាំងដែលស្ថិតក្នុងភូមិសាស្ត្រភូមិជំនាប់ ឃុំជំនាប់ ស្រុកថ្មបាំង មានសក្តានុពលលើទី១. ព្រៃភ្នំ ២. ទឹកជ្រោះ ៣. សត្វព្រៃ ៤. ត្រីនាគ ៥. ក្រពើភ្នំ ៦. រូងភ្នំបូរាណ និង៧. របាំប្រពៃណី។ (សូមមើលផែនទី)
ទស្សនារូបភាព ៣៦០ ដឹក្រ ខាងក្រោមនេះ៖
ក្នុងលក្ខខណ្ឌធនធានធម្មជាតិដ៏អស្ចារ្យ នៃតំបន់ដងស្ទឹងអារ៉ែង ដែលជាទីតាំងសម្បូរទៅដោយព្រៃភ្នំ ជ្រោះជ្រង ជ្រលង ដងអូរ និងសត្វព្រៃគ្រប់ប្រភេទ ជាពិសេសជាតំបន់ដែលមាននូវធនធានសត្វព្រៃកំរៗ មួយចំនួនដូចជាៈ ដំរី ,ស្វា ,ក្រពើភ្នំ , ត្រីនាគ … ដែលភ្ញៀវទេសចរអាចទៅទស្សនាសត្វទាំងអស់នោះ បានតាមរយៈទេសចរណ៍បែបផ្សងព្រេង និងសិក្សាស្រាវជ្រាវ។ លើសពីនេះទៅទៀតភាពទាក់ទាញនៃធម្មជាតិ ដ៏ស្រស់បំព្រងដែលមានក្នុងតំបន់អារ៉ែងដូចជា ទឹកធ្លាក់ រូងភ្នំបូរាណ តំបន់ខ្ពង់រាប និងភ្នំដែលអាចអោយ អ្នកទស្សនាទាំងអស់មានភាពរីករាយអារម្មណ៍ស្រស់ថ្លា និងមិនអាចបំភ្លេចបានជាមួយសកម្មភាពទេសចរណ៍ ផ្សេងៗដូចជា ការជិះកង់, រទះគោ, ហែលទឹក, ឡើងភ្នំ, មើលសត្វស្លាប, បោះជុំរុំ, អុំទូកកាយ៉ាក និងសកម្មភាពជាច្រើនទៀត។ ម៉្យាងទៀតសម្បត្តិវប្បធម៌ និងប្រជាជននៅក្នុងតំបន់នោះគឺមានលក្ខណៈ ពិសេសសម្រាប់ទាក់ទាញភ្ញៀវទេសចរ។ ភ្ញៀវទេសចរអាចចំណាយពេលនៅតំបន់ដងស្ទឹងអារ៉ែង ដើម្បីស្វែង យល់ពីវិធីសាស្រ្តក្នុងការបិតស្រាបែប បូរាណ របាំប្រពៃណី វប្បធម៌ ទំនៀមទំលាប់ ម្ហូបអាហារ និងជីវភាព រស់នៅប្រចាំថ្ងៃ។
✍ បញ្ចេញមតិយោបល់
Array
ឯកសារពិគ្រោ៖ https://www.moe.gov.kh/index/3586