ព្រែកទាល់ជាប្រព័ន្ធបរិស្ថានធម្មជាតិមួយគ្មានពីរ ដែលស្ថិតនៅខាងជើងឈៀងខាងលិចនៃទីរួមខេត្តបាត់ដំបង មានចម្ងាយស្មើនឹងពាក់កណ្តាលផ្លូវនៃការធ្វើដំណើរ តាមទូកពីខេត្តបាត់ដំបងទៅខេត្តសៀមរាប។
អ្នកទេសចរអាចធ្វើដំណើរទៅកាន់រមណីយដ្ឋានដោយមធ្យោបាយទូក កាណូត អូប័រ និងប្រើពេលប្រមាណ ៧ម៉ោង នៅរដូវវស្សា និង១០ ម៉ោងនៅរដូវប្រាំង អាស្រ័យលើល្បឿនកាណូត ។
ព្រែកទាល់ ជារមណីយដ្ឋានជំរកសត្វស្លាបអាថ៍កំបាំងធម្មជាតិនៅតំបន់ទន្លេសាបមួយដែលមានតាំងពីយូលង់ណាស់មកហើយ នៅទីនោះគឺជាជំរកសត្វស្លាបដ៍ធំមួយ និងជាប្រភពតំណរពូជ សម្រាប់សត្វបក្សាបក្សីគ្រប់ប្រភេទ ។
នៅរដូវប្រាំង ចាប់ពីខែវិច្ឆិកា ដល់ខែឧសភា មានប្រភេទសត្វស្លាបរាប់រយប្រភេទដូចជា ទុង ក្រសារ ប្រវឹក រនាលពណ៌ ត្រដក់ និងសត្វជាច្រើនប្រភេទផ្សេងទៀត បាននាំគ្នាមកតំបន់នេះ យ៉ាងកកកុញ ដើម្បីរកចំណី ក្រាបពង និងបង្កាត់ពូជក្នុងដែនជម្រកអភិរក្សមួយនេះ។ នៅទីនោះគេបានរៀបចំធ្វើជាកន្លែងសម្រាប់ទស្សនាសត្វស្លាប គឺគេធ្វើជារាននៅលើទឹកសម្រាប់ឲ្យអ្នកទេសចរឈរ ឬអង្គុយមើលហ្វូងសត្វស្លាបទាំងនោះបានយ៉ាងងាយស្រួល។
ក្រៅពីទិដ្ឋភាពនៃហ្វូងសត្វស្លាបដ៏គួរឲ្យចាប់អារម្មណ៍ គឺនៅមានទេសភាពព្រៃលិចទឹកដ៏ស្រស់ស្អាត ការនេសាទត្រី បែបប្រពៃណីរបស់ប្រជានេសាទសហគមន៍ ផ្ទះបណ្ដែតទឹក ធម្មជាតិជាលក្ខណៈជីវៈចម្រុះ និងធនធានធម្មជាតិផ្សេងៗទៀត ដែលមានទាក់ទងនឹងផ្ទៃទឹកទន្លេសាប ទាំងមូលតែម្តង។ នៅតំបន់នោះឃើញមានភូមិនេសាទមួយ ដែលមានប្រជាជនរស់នៅជាង ១២០០ គ្រួសារ រស់នៅក្នុងផ្ទះបណ្ដែតទឹក លើក្បូនឫស្សី ឬផ្ទះទឹកដែលផ្លាស់ប្ដូរ ទៅតាមការឡើងស្រក នៃផ្ទៃទឹកបឹងទន្លេសាប៕
ផែនទី ទីតាំងព្រែកទាល់៖
ទស្សនាវីដេអូ៖
✍ បញ្ចេញមតិយោបល់
Array