ក្រោយពីព្រះរាជឱរសប្រសូតបានប្រាំថ្ងៃ ព្រះបាទសុទ្ធោទនៈបានជ្រើសរើសព្រាហ្មណ៍ដ៏ពូកែៗ៨នាក់ ដើម្បីអោយថ្វាយព្រះនាម មើលនិងទាយនូវលក្ខណៈរបស់ព្រះពោធិសត្វ។ ព្រះនាមរបស់ព្រះបរមពោធិសត្វត្រូវបានជ្រើសរើសថា សិទ្ធត្ថ ដែលប្រែថា អ្នកសំរេចប្រយោជន៏គ្រប់យ៉ាង។ ក្រោយពីមើលលក្ខណៈព្រះពោធិសត្វរួច ឃើញថា ព្រះអង្គប្រកបដោយមហាបុរិសលក្ខណៈ ៣២ ប្រការ ព្រាហ្មណ៍៧នាក់ក៏លើកម្រាមដៃពីរទាយថា បើព្រះរាជកុមារស្ថិតនៅជាក្សត្រ ព្រះអង្គនឹងបានជាស្តេចចក្រពត្តិ បើព្រះអង្គចេញសាងផ្នួសនឹងបានត្រាស់ជាព្រះពុទ្ធ កាលនោះព្រាហ្មណ៍ម្នាក់នៅក្មេងជាងគេឈ្មោះ កោណ្ឌញ្ញព្រាហ្មណ៍បានពិចារណាលើទីកន្លែងដែលទ្រង់ប្រសូត គឺនៅក្នុងឧទ្យានក៏លើកម្រាមដៃតែមួយទាយថា ព្រះរាជកុមារប្រាកដជានឹងបានត្រាស់ជាព្រះពុទ្ធ។ ក្រោយពេលព្រះអង្គប្រសូតបាន៧ថ្ងៃ ព្រះមាតាព្រះអង្គក៏សោយទីវង្គត់។ ព្រះរាជកុមារសិទ្ធត្ថ ត្រូវបានព្រះមាតុច្ឆាព្រះអង្គព្រះនាមមហាបជាបតីគោតមីបីបាច់រក្សាតមក។
ដោយចង់ឲ្យព្រះសិទ្ធត្ថបានជាស្តេចចក្រពត្តិ ដូចដែលព្រាហ្មណ៍ទាយទុកនោះ ព្រះសុទ្ធោទនទ្រង់ចាត់ឲ្យគេយាមមិនឲ្យមានមនុស្សចាស់ ជរា ឈឺ ឬស្លាប់ ឲ្យព្រះសិទ្ធត្ថទ្រង់យល់ឃើញឡើយ អ្នកបម្រើភិលៀងនៅក្នុងដំណាក់របស់ព្រះអង្គមានសុទ្ធសឹងយុវវ័យទាំងអស់។ ការគង់នៅក្នុងរាជវាំង ព្រះសិទ្ធត្ថទ្រង់សោយសុខដោយកាមលោកីយគ្រប់ប្រការ។ នៅថ្ងៃមួយ ព្រះបរមពោធិសត្វទ្រង់មានព្រះទ័យអផ្សុកយ៉ាងខ្លាំង ព្រះអង្គក៏ត្រាស់ឲ្យឆន្នអាមាត្យរៀបចំក្បួនដើម្បីនឹងទៅក្រសាលឧទ្យាន។ នៅតាមផ្លូវព្រះអង្គទតឃើញ។
– មនុស្សចាស់ –
មានឆ្អឹងជំនីរដូចជាបង្កង់ មានខ្នងកោង មានឈើច្រត់ជាគ្រឿងទប់ទល់ កំពុងញាប់ញ័រក្រហល់ក្រហាយ មានវ័យកន្លងហើយ លុះព្រះពោធិសត្វឃើញហើយ ក៏សួរទៅឆន្នអាមាត្យថា បុរសនេះធ្វើដូចម្តេច បានជាសក់គាត់មិនដូចជាសក់អ្នកឯទៀត ទាំងកាយគាត់ក៏មិនដូចកាយអ្នកដទៃដែរ។ ឆន្នអាមាត្យក៏ក្រាបបង្គំទូលថា បពិត្រព្រះអង្គ នេះគេហៅថា បុរសចាស់ តពីនោះគាត់នឹងមិនរស់នៅយូរប៉ុន្មានទេ។ ទោះព្រះអង្គក៏គង់នឹងចាស់ជាធម្មតា មិនអាចកន្លងសេចក្តីចាស់ទៅបានទេ។
– បុរសឈឺ –
កាលកន្លងទៅ ព្រះអង្គក៏យាងក្រសាលឧទ្យានម្តងទៀត។ ព្រះអង្គបានទតឃើញបុរសមានអាពាធដល់នូវសេចក្តីទុក្ខ ឈឺធ្ងន់ ដេកត្រាំក្នុងទឹកមូត្រនិងលាមករបស់ខ្លួន មានជនទាំងឡាយដទៃលើកឲ្យក្រោកឡើង ផ្តេកឲ្យដេក លុះទតឃើញហើយ ព្រះអង្គក៏សួរទៅឆន្នអាមាត្យថា បុរសនេះធ្វើដូចម្តេច បានជាភ្នែករបស់គាត់មិនដូចជាភ្នែកអ្នកដទៃ ក្បាលក៏មិនដូចជាក្បាលអ្នកដទៃ។ ឆន្នអាមាត្យក្រាបទូលថា បពិត្រព្រះសម្មតិទេព បុរសនេះហៅថា បុរសឈឺ។ បុរសនេះមិនអាចនឹងរួចពីជំងឺបានឡើយ ទោះព្រះអង្គក៏នឹងមានជំងឺជាធម្មតា មិនអាចកន្លងសេចក្តីឈឺចាប់បានឡើយ។
– បុរសស្លាប់ –
ថ្ងៃបន្ទាប់ក្រោយមក ព្រះពោធិសត្វក៏ទៅក្រសាលឧទ្យានទៀត។ ម្តងនេះ ព្រះអង្គបានទតឃើញបុរសស្លាប់ ក៏ត្រាស់សួរឆន្នអាមាត្យ នោះជាអ្វី។ ឆន្នអាមាត្យក្រាបទូលថា បពិត្រព្រះអង្គ ព្រោះបុរសនោះហៅថាធ្វើមរណកាលហើយ។ ញាតិទាំងឡាយនឹងមិនឃើញបុរសនោះទៀតឡើយ ទាំងបុរសនោះសោតក៏លែងបានឃើញញាតិទាំងឡាយរបស់គាត់ដែរ។ ទោះបីព្រះអង្គក៏នឹងធ្វើមរណកាលដូចគ្នា មិនអាចកន្លងសេចក្តីស្លាប់បានឡើយ។ ព្រះបរមពោធិសត្វក៏មានសេចក្តីសង្វេកជាខ្លាំង សញ្ជប់សញ្ជឹងគិតថា ជរា ព្យាធិ និងមរណា តែងមានប្រាកដដល់សត្វលោក។
– អ្នកបួស –
ថ្ងៃកន្លងមកបន្ទាប់ព្រះអង្គក៏ទៅក្រសាលឧទ្យានម្តងទៀត។ ព្រះពោធិសត្វបានទតឃើញបុរសមានសីសៈរលីង ជាអ្នកបួស ស្លៀកដណ្តប់សំពត់កាសាវពស្ត្រ លុះឃើញហើយ ក៏សួរឆន្នអាមាត្យ បុរសនេះធ្វើដូចម្តេច បានជាក្បាលរបស់គាត់មិនដូចក្បាលអ្នកដទៃ ទាំងសំពត់របស់គាត់ ក៏មិនដូចរបស់អ្នកដទៃ។ ឆន្នអាមាត្យក្រាបទូលថា បពិត្រព្រះសម្មតិទេព នេះគេហៅថា អ្នកបួស។ បុរសនោះប្រព្រឹត្តធម៌ដោយប្រពៃ មិនបានបៀតបៀន តែងអនុគ្រោះដល់សត្វដទៃ។ ព្រះអង្គក៏ពិចារណាថា អ្នកបួសគឺជាការស្រួលណាស់ព្រោះមិនបៀតបៀនគេ តែងអនុគ្រោះដល់គេ។
នៅក្នុងរាជវាំង ព្រះអង្គទ្រង់ទតឃើញជារឿយៗ ភិលៀង អាមាត្យ ទាំងឡាយដេកលក់ ខ្លះហៀរទឹកមាត់ ខ្លះរបូតសំពត់អាវ នៅស្តូកស្តឹងគ្មានវិញ្ញណដូចជាអង្គត់ឈើមួយដុំ ធ្វើឲ្យព្រះអង្គទ្រង់មានការសង្វេក និងគិតដល់និមិត្តទាំង៤ដែលព្រះអង្គទតឃើញ។ ព្រះអង្គទ្រង់ព្រះចិន្តាពិចារណាដល់សមណអ្នកបួសយ៉ាងស្រគត់ស្រគមគួរជាទីជ្រះថ្លានៃសត្វលោកទាំងឡាយ ព្រះអង្គក៏មានសទ្ធាពេញព្រះហរទ័យ ត្រេកអរជាក្រៃពេក ក៏គិតនឹងចេញសាងផ្នួស។
✍ បញ្ចេញមតិយោបល់
Arrayឯកសារពិគ្រោះ ៖ https://km.wikipedia.org/wiki/ព្រះពុទ្ធ