ព្រះពុទ្ធ សមណគោតម (ប្រសូតមកប្រហែលជា ៥៦៣/៤៨០ – បានចូលបរិនិពា្វនប្រហែលជា ៤៨៣/៤០០ មុន គ.ស.) ត្រូវបានគេស្គាល់ផងដែរថាជា សិទ្ធាថ៌ គៅតម នៅក្នុងភាសាសំស្ក្រឹត ឬ សិទ្ធត្ថ គោតម នៅក្នុងភាសាបាលី ឬព្រះពុទ្ធ ជាព្រះសង្ឃ មេដឹកនាំស្ម័គ្រចិត្ត ទស្សនវិទូ គ្រូបង្រៀននិង មេដឹកនាំសាសនាដែលត្រូវបានគេចាត់ទុក្ខជាអ្នកបង្កើតពុទ្ធសាសនា ។ ព្រះអងត្រូវបានគេជឿថាបានរស់នៅនិងបង្រៀនភាគច្រើននៅភាគឦសាននៃប្រទេសឥណ្ឌាបុរាណនៅរវាងសតវត្សទី៦ និងទី៤ មុន គ.ស. ។
វ័យកុមារភាព
ព្រះពុទ្ធមានព្រះនាមដើមថា សិទ្ធត្ថគោតម ។ សិទ្ធត្ថកុមារ ជា ព្រះរាជបុត្រ នៃ ព្រះបាទសុទ្ធោទនៈ និង ព្រះនាង សិរិមហាមាយា ។ ព្រះអង្គ ជា ពូជសាក្យវង្ស ដែលមានព្រះរាជនិវេសដ្ឋាន នៅក្រុង កបិលវត្ថុ នៃដែន សក្កជនបទ ជាប្រទេសចំណុះឲ្យដែន កោសល មានព្រះបាទ បសេនទិ គ្រងរាជ្យមានក្រុង សាវត្ថី ជារាជធានី ។
ព្រះពោធិសត្វចុះចាប់បដិសន្ធិក្នុងថ្ងៃព្រហស្បន៍ ១៥ កើត ខែអាសាឍ ឆ្នាំរការ។ នៅក្នុងថ្ងៃដែលព្រះពោធិសត្វចុះបដិសន្ធិ ព្រះនាងសិរិមហាមាយា យល់សុបិន្តឃើញមានដំរីសមួយមានប្រមោយពណ៌ដូចប្រាក់ក្ដោបផ្កាឈូកពណ៌ស ជ្រែកចូលតាមផ្ទៃពោះព្រះនាងខាងស្ដាំ។ លុះ១០ខៃក្រោយមក នៅថ្ងៃសុក្រ ១៥កើត ខែពិសាខ ឆ្នាំច ព្រះសិទ្ធត្ថកុមារ ទ្រង់ប្រសូតិក្នុងឧទ្យាន លុម្ពិនី (សព្វថ្ងៃស្ថិតនៅប្រទេស នេប៉ាល់) ក្នុងរវាងព្រះរាជនិវត្តន៍ទៅកាន់មាតុប្រទេសនៃព្រះនាង សិរិមហាមាយា ព្រះពុទ្ធមាតា ។
ព្រះបាទសុទ្ធោទន រាជវង្ស គោតម ព្រះរាជាបក្សសម្ព័ន សាក្យៈសោយរាជសម្បត្តិ នៅនគរកបិលពស្តុ ព្រះអគ្គមហេសីព្រះនាម សិរិមហាមយា ជាបុត្រីព្រះរាជាបក្សសម្ព័នកោឌយៈ នៅនគរទេវទហៈ ជាប់ព្រំដែននគរកបិលពស្តុ ព្រះនាង សិរិមហាមយា ទ្រង់បានសុបិននិមិត្តឃើញដំរីសមួយមានភ្លុក៦ ចុះពីស្ថានតុសិត ហើយចូលមកក្នុងព្រះឧទរព្រះនាងផ្នែកខាងស្តាំ ទំនាយថា ព្រះនាងនឹងមានរាជបុត្រមួយព្រះអង្គ ប្រកបដោយបុណ្យបារមីយ៉ាងលើសលុបខ្ពស់អស់សព្វសត្វទាំងពួង។
តាមរយៈគម្ពីរមហាវេស្សន្តរជាតក មានទេវបុត្រមួយព្រះអង្គ ព្រះនាម សន្តុសិតទេវបុត្រ បានយាងចុះពីឋានតុសិតមកចាប់កំណើតក្នុងផ្ទៃព្រះនាង។ ក្នុងកំឡុងដែលព្រះពោធិសត្វនៅក្នុងឧទរនៃព្រះមាតា មានទេវបុត្រ៤អង្គតែងចូលទៅរក្សាក្នុងទិសទាំង៤ ដោយគិតថា កុំអោយមានមនុស្ស និងអមនុស្សណាមួយមកបៀតបៀនព្រះពោធិសត្វ និងព្រះមាតាព្រះពោធិសត្វបានឡើយ។ ព្រះនាងមាយា បានទ្រង់គភ៌អស់ចំនួន១០ខែគត់។
ដល់គម្រប់១០ខែ គឺនៅថ្ងៃសុក្រ ១៥កើតពេញបូណមី ខែពិសាខ ឆ្នាំច ព្រះនាងមានព្រះរាជបំណងនឹងស្តេចយាងទៅកាន់នគរទេវទហៈដែលជាជាតិភូមិរបស់ព្រះនាង ទើបក្រាបបង្គំទូលព្រះបាទសុទ្ធោទនមហារាជថា បពិត្រព្រះសម្មតិទេព ខ្ញុំម្ចាស់ប្រាថ្នានឹងទៅកាន់នគរទេវទហៈ។ គ្រានោះព្រះបាទសុទ្ធោទនៈ ទ្រង់អនុញ្ញាតិ ហើយទ្រង់ត្រាស់បង្គាប់អោយពួកសេវកាមាត្យរៀបចំក្បួនដើម្បីដង្ហែរព្រះនាងទេវី។ ទៅដល់ចន្លោះព្រំប្រទល់នគរទាំងពីរ គឺកបិលវត្ថុនិងទេវទហៈមានសាលវ័នជាមង្គលមួយឈ្មោះ លុម្ពិនីវ័ន ដែលមានផ្ការីកយ៉ាងល្អ និងហ្វូងបក្សី៥ពណ៌។ ព្រះនាងទេវីក៏ប្រាថ្នានឹងឈប់សម្រាកទីនោះ។
ខណៈដែលព្រះនាងយាងទៅដល់ក្រោមដើមសាលព្រឹក្សមួយដើម ខ្យល់កម្មជ្ជវាតក៏បណ្តាលកម្រើកឡើងនៅក្នុងព្រះឧទរនៃព្រះនាង។ មហាជនបានជ្រាបហេតុជិតនឹងប្រសូត្រ ក៏បានរៀបចំបិទបាំងនៅក្រោមដើមនោះ ហើយថយចេញមក។ ព្រះនាងទ្រង់ឈោងចាប់មែកសាលព្រឹក្សប្រថាប់ឈរ ព្រះពោធិសត្វក៏ប្រសូត្រចាកព្រះឧទរនៃព្រះវរមាតាក្នុងវេលានោះ។
ក្នុងថ្ងៃដែលព្រះពោធិសត្វប្រសូត្រនោះ ព្រះរាជទេវីពិម្ពារ១ ឆន្នអាមាត្យ១ កាឡុទាយីអាមាត្យ១ ព្រះអានន្ទ១ សេះកណ្ឋកៈ១ មហាពោធិព្រឹក្ស១ កំណប់ទ្រព្យទាំង៤រណ្តៅ១ បានកើតឡើងព្រមគ្នា។ ពួកអ្នកនគរបាននាំព្រះពោធិសត្វត្រឡប់ទៅនគរកបិលពស្តុវិញ។
ការរៀបអភិសេក
ព្រះសិទ្ធត្ថទ្រង់ចំរើនព្រះជន្មបាន ១៦ព្រះវស្សា ទ្រង់បានរៀបអភិសេកជាមួយបុត្រីស្តេចសុប្បពុទ្ធព្រះនាម ពិម្ពាយសោធរាដែលជានារីល្អឯកលើសអស់សព្វនារីទាំងពួង។ ដោយចង់អោយព្រះសិទ្ធត្ថក្លាយជាស្តេចចក្រពត្តិ ព្រះបិតាគឺព្រះបាទសុទ្ធោទនៈបានរៀបចំចាត់ចែងគ្រប់យ៉ាង ដើម្បីឃាឃាំងអោយព្រះសិទ្ធត្ថទ្រង់គង់នៅជាស្តេចដោយសុខសប្បាយ។ ព្រះបាទសុទ្ធោទនៈ ទ្រង់បានជ្រើសរើសយកតែមនុស្សក្មេងៗមកនៅបំរើព្រះពោធិសត្វ ឯមនុស្សចាស់ជរា ឈឺជាដើម ព្រះអង្គមិនអោយព្រះពោធិសត្វបានឃើញឡើយ។ ព្រះបាទសុទ្ធោទនៈទ្រង់ចាត់អោយគេសង់ប្រាសាទបី តម្រូវទៅតាមកាលរដូវទាំងបី គឺសំរាប់រដូវក្តៅ រដូវរងារ និងរដូវរំហើយ។ លុះព្រះបរមពោធិសត្វព្រះជន្មបាន២៩ព្រះវស្សា ព្រះនាងពិម្ពា ក៏ប្រសូតព្រះរាជបុត្រមួយអង្គព្រះនាម រាហុល។
ការចេញសាងផ្នួស
ព្រះ សិទ្ធត្ថរាជកុមារ ក៏បានសម្រេចចិត្តចេញសាងព្រះផ្នួសនៅថ្ងៃព្រហស្បតិ៍ ខែអាសាឍ ក្នុងជន្មយុ២៩វស្សារ បន្តាប់ពីបានទតឃើញនូវនិមិត្ត៤ប្រការគឺ មនុស្សចាស់ មនុស្សឈឺ មនុស្សស្លាប់ និងបព្វជិត។ ទ្រង់ធ្វើទុក្ករកិរិយា ៦ ព្រះវស្សា ហើយក្រោយមកបានត្រាស់ដឹងនូវអនុត្តរសម្មាសម្ពោធិញ្ញាណក្រោមគល់ពោធិព្រឹក្សនាមាត់ស្ទឹង នេរញ្ជរា (ពុទ្ធគយាសព្វថ្ងៃ) នៅថ្ងៃពុធ ១៥កើត ខៃពិសាខ មុនពុទ្ធសករាជ៤៥ឆ្នាំ ។ ព្រះធម៌ដែលព្រះអង្គបានត្រាស់ដឹងនោះហើយបានពុទ្ធាភិសេកព្រះអង្គឲ្យបានជាអង្គព្រះសម្មាសម្ពុទ្ធ ឬព្រះពុទ្ធនេះឯង ។
ព្រះគោតមសម្មាសម្ពុទ្ធគឺជាព្រះពុទ្ធអង្គទី៤នៅក្នុងភទ្ទកប្បនេះ។ បានជាកប្បនេះឈ្មោះភទ្ទកប្បព្រោះអត្ថថា ជាកប្បដ៏ចម្រើន ដែលមានព្រះពុទ្ធ៥ព្រះអង្គត្រាស់ដឹង តួយ៉ាងដូចជាកប្បយើងសព្វថ្ងៃនេះ មានព្រះសព្វញ្ញូពុទ្ធ ៥ ព្រះអង្គ គឺ កុកសន្ធោ កោនាគមនោ កស្សបោ គោតម និង អរិយមេតេ្តយ្យ ដែលនឹងត្រាស់ដឹងនាអនាគតកាល ។
✍ បញ្ចេញមតិយោបល់
Array
ឯកសារពិគ្រោះ ៖ https://km.wikipedia.org/wiki/ព្រះពុទ្ធ