ព្រះនាង យសោធរា (Yashodharā) មានព្រះនាមហៅច្រើនយ៉ាង ដូចជា ១) ពិម្ពា (Bimbā), ២) ពិម្ពាយសោធរា (Bimbā Yashodharā), ៣) ភទ្ទកច្ចានា (Bhaddakaccānā), ៤) រាហុលមាតា (Rāhula Mātā)។
ព្រះនាង យសោធរា (កនិដ្ឋាព្រះទេវទត្ត) ជាបុត្រីព្រះបាទ សុប្បពុទ្ធ នៃកោលិយវង្ស (Koliya) និង ព្រះនាងបមិត្តា នៃសាក្យវង្ស ដែលជាកនិដ្ឋា (ប្អូន) របស់ព្រះបាទ សុទ្ធោទនៈ នៃសាក្យ ឬ សក្កវង្ស (Shākya, Sokyā, Sakka, ឬ Sākiyā) ។ ពេលចម្រើនវ័យ ព្រះជន្មបាន ១៦ វស្សា ព្រះនាង យសោធរា បានរៀបអភិសេកជាអគ្គមហេសីរបស់ព្រះអង្គ សិទ្ធត្ថ គោតម (ជាបងប្អូនជីដូនមួយ និង មានអាយុស្មើគ្នា) ដែលជាបុត្ររបស់ព្រះបាទ សុទ្ធោទនមហារាជ ។ កាលព្រះនាងមានព្រះជន្ម ២៩ ព្រះវស្សា ព្រះនាងបានប្រសូត្របុត្រាមួយព្រះអង្គ ដែលត្រូវបានដាក់ព្រះនាមថា រាហុលកុមារ។ ក្នុងថ្ងៃដែលព្រះនាងប្រសូត្របុត្រនោះ ព្រះអង្គ សិទ្ធត្ថ ក៏បានយាងចេញពីព្រះនគរ កបិលពស្តុ ដើម្បីសាងផ្នួស ។ ក្រោយពីបានឮដំណឹងថា ព្រះអង្គ សិទ្ធត្ថ ទ្រង់ចាកចេញពីព្រះនគរ ចាកចេញពីការសោយសុខនៅក្នុងព្រះរាជវាំង ព្រះនាងក៏សម្រេចចិត្តធ្វើតាមព្រះអង្គ ដោយមិនពាក់គ្រឿងអលង្កា ស្លៀកសំពត់កាសាវពស្រ្ត (ស្បង់) ផ្ទុំផ្ទាល់នឹងកម្រាល សោយអាហារតែមួយពេល ។ ព្រះអង្គម្ចាស់ដែលជាបុត្ររបស់ស្តេចនៅនគរដទៃៗ បានសុំដណ្តឹងព្រះនាងជាមហេសី តែព្រះនាងបានបដិសេធ ។
ក្រោយពេលបានត្រាស់ដឹង ព្រះអង្គ សិទ្ធត្ថ ក៏យាងត្រឡប់មកព្រះនគរដើម្បីបង្រៀនព្រះញាតិវង្សរបស់ព្រះអង្គ ឲ្យយល់ច្បាស់នូវគោលលទ្ធិថ្មីរបស់ព្រះអង្គ ។ ដោយសារការនឹករលឹក និង ការអន់ចិត្តខ្លាំងពេក ព្រះនាង យសោធរា មិនព្រមយ៉ាងចេញមកជួបនឹងព្រះអង្គ សិទ្ធត្ថ ឡើយ ។ ព្រះពុទ្ធទ្រង់ពិចារណាឃើញថា បើព្រះអង្គមិនយាងទៅរកព្រះនាង យសោធរា ទេ ច្បាស់ជាព្រះនាងនឹងបែកហឫទ័យ ក្ស័យព្រះជន្មក្នុងថ្ងៃនេះមិនខាន ។ ព្រះពុទ្ធទ្រង់ក៏យាងទៅសម្តែងព្រះធម្មទេសនាអំពីអតីតជាតិកាល ដែលព្រះអង្គ និង ព្រះនាង មានកំណើតជាសត្វកិន្នរា កិន្នរី ។ ក្រោយពេលសម្តែងព្រះធម្មទេសនានេះចប់ ព្រះនាងក៏បានសម្រេចសោតាបត្តិផល ។ ក្រោយពេលព្រះនន្ទបួសបាន ៧ ថ្ងៃ ព្រះនាង យសោធរា មានបំណងឲ្យព្រះរាហុលដែលជាបុត្ររបស់ព្រះនាង ទៅសុំកំណប់ទ្រព្យពីព្រះពុទ្ធ ។ ព្រះពុទ្ធទ្រង់ក៏ប្រទានអរិយទ្រព្យ ៧ ប្រការឲ្យដល់ រាហុលកុមារ ។ ពេលសម្តែងអំពី អរិយទ្រព្យ នេះចប់ ព្រះពុទ្ធបង្គាប់ឲ្យ ព្រះសារីបុត្រ បំបួសព្រះ រាហុល កុមារ ។ ក្រោយពេល ព្រះរាហុល បានបព្វជ្ជាហើយ ព្រះនាង យសោធរា ក៏យាងសាងផ្នួសព្រមជាមួយនឹងព្រះនាង មហាបជាបតិគោតមី ។ បន្ទាប់ពីបួសជាភិក្ខុនីហើយ ព្រះនាង យសោធរា បានសម្រេចជាព្រះអរហន្តីមួយរូបមានឈ្មោះថ្មីថាភទ្ទាកច្ចានាភិក្ខុនី ដែលជាកំពូលលើភិក្ខុនីទាំងឡាយផ្នែកខាងរឭកជាតិបាន ។
✍ បញ្ចេញមតិយោបល់
Array