សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់គង់នៅក្នុងដងព្រៃឈ្មោះឥច្ឆានង្គលៈ ជិតស្រុកឥច្ឆានង្គលៈនោះឯង ។ សម័យនោះ វាសេដ្ឋមាណព និងភារទ្វាជមាណពទាំង ២ នាក់ ទាំងគំនិតមិនត្រូវគ្នាក្នុងបញ្ហាដែលថា ឈ្មោះថាព្រាហ្មណ៍ តើដោយហេតុដូចម្ដេច ។ ភារទ្វាជមាណពថា ព្រោះមានជាតិល្អទាំង ២ ចំណែក ទាំងខាងមាតានិងខាងបិតា ចំណែកវាសេដ្ឋមាណពថា ព្រោះមានសីលផង បរិបូណ៌ដោយវត្តផង ។ ទាំង ២ នាក់នេះឯង បាននាំគ្នាចូលគាល់ព្រះដ៏មានព្រះភាគ ទូលសួរនៅក្នុងសេចក្ដីនេះ ដោយវាសេដ្ឋមាណពពោលនូវគាថា ដែលមានសេចក្ដីដូចតទៅ ៖
ខ្ញុំព្រះអង្គទាំង ២ នាក់ បានទទួលអនុញ្ញាត អំពីអាចារ្យដែលបានឲ្យរៀនសូត្រស្រេចហើយ ទាំងបានប្ដេជ្ញាខ្លួនឯងថា បានរៀនសូត្រចេះចាំនូវវេទទាំង ៣ ខ្ញុំព្រះអង្គជាសិស្សច្បងរបស់បោក្ខរសាតិព្រាហ្មណ៍ ឯមាណពនេះ ជាសិស្សច្បង របស់តារុក្ខព្រាហ្មណ៍ បទណាដែលពួកព្រាហ្មណ៍ចេះនូវវេទទាំង ៣ បានប្រាប់ ដោយអត្ថក្ដី ដោយព្យញ្ជនៈក្ដី ខ្ញុំព្រះអង្គទាំង ២ នាក់ ក៏បានចូលចិត្តក្នុងបទនោះទាំងអស់ ទាំងសេចក្ដីព្យាករណ៍នូវបទរបស់ខ្ញុំព្រះអង្គទាំង ២ នាក់ ក៏ប្រាកដស្មើនឹងអាចារ្យ ត្រង់កន្លែងជាទីពោលមន្ត បពិត្រព្រះគោតម ខ្ញុំព្រះអង្គទាំង ២ នាក់មានសេចក្ដីវិវាទ ក្នុងការពោលអំពីជាតិ ភារទ្វាជមណពពោលថា បុគ្គលដែលឈ្មោះថាព្រាហ្មណ៍ ព្រោះជាតិ ចំណែកខ្ញុំព្រះអង្គពោលថា ព្រោះកម្ម បពិត្រព្រះអង្គអ្នកមានចក្ខុ សូមព្រះអង្គទ្រង់ជ្រាបយ៉ាងនេះ ដោយហេតុនោះហើយ បានជាខ្ញុំព្រះអង្គទាំង ២ នាក់ មិនអាចញ៉ាំងគ្នានឹងគ្នាឲ្យដឹងបាន ទើបនាំគ្នាមកក្រាបទូលសួរព្រះមានព្រះភាគដែលប្រាកដថាជាព្រះសម្ពុទ្ធ ពួកជនតាំងអញ្ជលិកម្មថ្វាយបង្គំ ចំពោះទៅរកព្រះចន្ទពេញវង់ យ៉ាងណា គេក៏ថ្វាយបង្គំចំពោះព្រះគោតមក្នុងលោក យ៉ាងនោះដែរ ខ្ញុំព្រះអង្គទាំង ២ នាក់ សូមទូលសួរព្រះគោតម ដែលមានដួងចក្ខុកើតឡើងបរិសុទ្ធស្អាតក្នុងលោកថា បុគ្គលដែលជាព្រាហ្មណ៍នោះ តើព្រោះជាតិឬព្រោះកម្ម ដ្បិតខ្ញុំព្រះអង្គទាំង ២ នាក់មិនស្គាល់ សូមព្រះអង្គទ្រង់សម្ដែង ល្មមឲ្យខ្ញុំព្រះអង្គទាំង ២ នាក់ ស្គាល់ថាព្រាហ្មណ៍បានផង ។
ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ឆ្លើយតបច្រើនព្រះគាថា តាមដូចព្រះគាថាក្នុងព្រាហ្មណវគ្គនៃព្រះគាថាធម្មបទដែរ ។ នៅក្នុងព្រះពុទ្ធសាសនា យើងសិក្សាបានយល់ដឹងថា ការប្រព្រឹត្តលះបង់នូវបាប កម្ចាត់ហេតុនៃសេចក្ដីទុក្ខ នេះទើបជាគោលការណ៍សំខាន់នៃព្រះពុទ្ធសាសនា ចំណែកអ្វី ៗ គ្រាន់តែជាទីតាំងនៃការពេញចិត្ត ដូចជាជាតិត្រកូល វណ្ណៈទ្រព្យធន និងវត្ថុកាមគុណផ្សេងៗ ជាដើមនេះ ដែលបានមកហើយ មិនមែនសម្រាប់លះហេតុនៃទុក្ខក្នុងវដ្ដសង្សារ គឺមិនចាត់ថាជាខ្លឹមសារក្នុងព្រះពុទ្ធសាសនាឡើយ ។ យើងគប្បីនឹករលឹកដល់ឱវាទខ្លឹមសារនៃព្រះសម្មាសម្ពុទ្ធគ្រប់ៗ ព្រះអង្គគឺកិរិយាមិនធ្វើនូវបាបទាំងពួង ១ កិរិយាដល់ព្រមដោយការបំពេញនូវបុណ្យកុសល ១ និងកិរិយាសម្អាតចិត្តរបស់ខ្លួនឲ្យផូរផង់ ១ កិរិយាទាំង ៣ នេះ គឺមានប្រយោជន៍សំខាន់ក្នុងការកាត់ផ្ដាច់នូវវដ្ដៈ ធ្វើឲ្យ អស់ហេតុនៃសង្សារទុក្ខ ។
នៅក្នុងព្រះសូត្រនេះ មាណពទាំង ២ នាក់បានដល់ព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ ជាទីពឹងទីរលឹក លើកទី ១ ។ ក្រោយមកបានស្ដាប់ព្រះធម៌នៅក្នុងតេវិជ្ជសូត្រ គឺព្រះសូត្រចុងក្រោយនៃទីឃនិកាយ សីលក្ខន្ធវគ្គ បិដកលេខ ១៥ បានដល់ព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ ជាទីពឹងទីរលឹក ជាលើកទី ២ ហើយ ២, ៣ថ្ងៃក្រោយមក ក៏បានបួសជាសាមណេរ ។ បន្តមកទៀត បានស្ដាប់នូវអគ្គញ្ញសូត្រ គឺព្រះសូត្រទី ៤ នៃទីឃនិកាយ បាដិកវគ្គ បិដកលេខ ១៨ ក៏បានសម្រេចព្រះអរហត្តផល ។
✍ បញ្ចេញមតិយោបល់
Array
ឯកសារពិគ្រោះ ៖ ដកស្រង់ពីសៀវភៅ ជំនួយសតិភាគទី២២ ដោយ៥០០០ឆ្នាំ