នាង សុជាតា គឺជាកូនប្រសារស្រីរបស់សេដ្ឋីឈ្មោះ អានាថបិណ្ឌិក ដែលជាគ្រហស្ថសាវកដ៏ល្បីល្បាញមួយរូប។ នៅក្នុងគម្ពីរអង្គុត្តរនិកាយ នៃគម្ពីរព្រះត្រៃបិដកជាភាសាបាលី មាននិទានមួយ ដែលរៀបរាប់ថា នៅពេលព្រះពុទ្ធកំពុងទេសនានៅក្បែរឬនៅផ្ទះរបស់អានាថបិណ្ឌិកសេដ្ឋី សម្លេងរបស់នាងសុជាតាដែលស្រែកជេរស្តីឲ្យអ្នកបម្រើទាំងឡាយនោះ បានរំខានដល់ការទេសនារបស់ព្រះអង្គ ។
ព្រះពុទ្ធបានមានពុទ្ធដីកាឲ្យគេហៅនាងសុជាតាមកស្តាប់បទទេសនារបស់ព្រះអង្គ ។ បទទេសនានោះបានទទួលការពេញនិយម និង មានឈ្មោះម្យ៉ាងទៀតថា បទទេសនាអំពីក្រមសីលធម៌ល្អសម្រាប់ភរិយាទាំងឡាយ ។
នៅក្នុងបទទេសនា ទូន្មាននាង សុជាតានោះ ព្រះពុទ្ធបានបង្រៀន នាងសុជាតា អំពីភរិយា ៧ ប្រភេទ ។
ប្រពន្ធ ៣ ប្រភេទខាងដើមនឹងនាំមកនូវអពមង្គល (នៅក្នុងជាតិនេះនិងអនាគតជាតិ) ។
(១) ភរិយាបង្គជម្លោះ ឬ វធកៈ ឬ វធកភរិយា :
មានន័យម្យ៉ាងទៀតថា ភរិយាបង្កបញ្ហា និង ភរិយាចងអាឃាត ។ ភរិយានៅក្នុងក្រុមនេះ គ្មានចិត្តអាណិតអាសូរ គឺចូលចិត្តញ៉ែប៉ប្រែជាមួយប្រុសៗ និង មិនចូលចិត្តធ្វើការងារឡើយ ព្រមទាំងមើលងាយស្វាមីទៀតផង ។
(២) ភរិយាចោរ ឬ ចោរិសមៈ ឬ ចោរភរិយា: មានន័យម្យ៉ាងទៀតថា ភរិយាជាចោរប្លន់។
ភរិយានៅក្នុងក្រុមនេះ ចាយវាយទ្រព្យសម្បត្តិគ្រួសារខ្ជះខ្ជាយ និង មិនស្មោះត្រង់នឹងប្តី ជាពិសេសទាក់ទងនឹងរឿងលុយកាក់ ។
(៣) ភរិយាជាស្ត្រីកំណាន់ ឬអយ្យសមៈ ឬ អយ្យាភរិយា ឬ ស្វាមីភរិយា:
មានន័យម្យ៉ាងទៀតថា ភរិយាជាម្ចាស់ ។ ភរិយានៅក្នុងក្រុមនេះ គឺជាស្ត្រីមានល្បិចខ្ពស់ មានចិត្តសាហាវ និង មានសម្តីអាក្រក់ ព្រមទាំងខ្ជិលច្រអូស និង ចូលចិត្តបញ្ជាប្តី ។
ព្រះពុទ្ធទ្រង់បានសំដែងថា ភរិយា ៤ ពួកខាងក្រោមនេះ នឹងនាំមកនូវសុភមង្គល នៅក្នុងជាតិនេះនិងអនាគតជាតិ ។ ចំណុចរួមនៃភរិយាទាំង ៤ ពួកនេះគឺថា ពួកគេពោពេញទៅដោយចិត្ត អាចគ្រប់គ្រងខ្លួនឯង ។ ភរិយាទាំង ៤ ពួកនោះគឺ ៖
(១) ភរិយាប្រៀបដូចជាមាតា ឬ មាតុសមៈ ឬ មាតុភរិយា :
នាងចាត់ទុកប្តីរបស់នាងដូចជាកូនប្រុសម្នាក់ នៅក្នុងគ្រប់កាលទេស ។ នាងប្រព្រឹត្ត ចំពោះប្តីនាងដោយចិត្តករុណា សណ្តោស និង ថែទាំទ្រព្យសម្បត្តិប្តីជានិច្ច ។
(២) ភរិយាប្រៀបដូចប្អូនស្រី ឬ ភគិនិសមៈ ឬ ភគិនីភរិយា :
នាងទទួលយកការសម្រេចចិត្តរបស់ប្តីនាង ដូចជានាងស្តាប់ការសម្រេចចិត្តរបស់បងប្រុសនាងដែរ ។ នាងមានចរឹតរមទម្យ និង ចុះញ៉មចំពោះចៅហ្វាយនាង (ប្តីនាង) និង ធ្វើអ្វីៗគ្រប់យ៉ាងដើម្បីបំពេញបំណងប្តី ។
(៣) ភរិយាជាមិត្តឬ សខិភរិយា :
ពាក្យថា សខៈ មានន័យថា មិត្តជិតស្និទ្ធ ដែលផ្ទុយពីពាក្យថា មិត្តទើបស្គាល់ថ្មីថ្មោង ។ ភរិយានៅក្នុងក្រុមនេះអាចហៅម្យ៉ាងទៀតថា សខិភរិយា ប្រែថា ភរិយាជាមិត្តរួមជីវិត។ នាងស្រឡាញ់ប្តីនាងដូចជានាងស្រឡាញ់មិត្តសម្លាញ់របស់នាងដែរ ។ នាងធ្វើអ្វីៗគ្រប់យ៉ាងដើម្បីជួយស្វាមីនាង ។
(៤) ទាសភរិយា ឬ ទាសីសមៈ ឬ ទាសីភរិយា :
ពាក្យថា ទាសី ជាពាក្យក្នុងភាសាបាលី ប្រែថា ស្ត្រីជាអ្នកបម្រើ ឬ ស្រីបម្រើ ។ ន័យម្យ៉ាងទៀត ភរិយានៅក្នុងក្រុមនេះអាចមានន័យថា ប្រពន្ធដែលបម្រើប្តីដូចស្រីបម្រើ ។ ភរិយាប្រភេទនេះមានចិត្តខន្តី, គ្មានចិត្តក្រោធខឹង និង ចុះចូលចំពោះប្តីទោះបីប្តីខឹងសម្បាយ៉ាងណាក៏ដោយ ។ នាងគឺជាមនុស្សចុះញ៉មយល់ព្រមទទួលយកការវាយវាត់ធ្វើបាបលើរាងកាយទោះបីប្តីចង់ធ្វើយ៉ាងណាចំពោះខ្លួនក៏ដោយ ។ នាងនឹងចុះញ៉មចំពោះប្តីដោយគ្មានសួរនាំបន្តិចសោះឡើយ ។
បន្ទាប់ពីបទទេសនានេះ នាងសុជាតាមានចិត្តរីករាយចំពោះពាក្យពេចន៍របស់ព្រះពុទ្ធ ។ នៅពេលព្រះពុទ្ធទ្រង់សួរនាងថា តើនាងចង់ក្លាយជាភរិយាប្រភេទណាមួយ នាងសុជាតាបានឆ្លើយតបថា ៖ “ខ្ញុំព្រះករុណានឹងក្លាយជាភរិយាប្រភេទចុងក្រោយបំផុត គឺជាទាសភរិយារបស់ស្វាមីខ្ញុំព្រះករុណា ។” គ្រួសាររបស់នាងសប្បាយចិត្តយ៉ាងខ្លាំង ហើយចាប់ពីថ្ងៃនោះតទៅ នាងគឺជាស្រីបម្រើរបស់ប្តីនាង ។
✍ បញ្ចេញមតិយោបល់
Array