អត្ថ​បដិរូប និង អត្ថានុរូប មានន័យដូចម្តេច?

អត្ថ​បដិរូប (បា. អត្ថ “សេចក្ដី, ន័យ” + បដិរូប > អត្ថប្បដិរូប “ប្រដូច, ប្រៀប​ធៀប”) សេចក្ដី​ប្រៀប​ធៀប, ន័យ​ប្រដូច គឺ​ន័យ​របស់​ពាក្យ​ដែល​បង្វិល​បញ្ចៀស​ពី​ន័យ​ត្រង់​ៗ ដូច​ជា​ពាក្យ​ថា “ស៊ី” តាម​អត្ថានុរូប គឺ​ន័យ​ត្រង់​ៗ​ទៅ​តាម​ដំណើរ​ដើម​ថា “បរិភោគ​ភោជនាហារ” តែ​បើ​គេ​យក​ទៅ​ប្រើ​ជា​សេចក្ដី​ប្រៀប​ប្រដូច​វិញ បែរ​ជា​មាន​ន័យ​ផ្សេង​ពី​ន័យ​ដើម ដូច​ជា “ស៊ី​គ្នា” គឺ​សម​គ្នា, ត្រូវ​គ្នា, “ស៊ី​ថ្លៃ” គឺ​យក​តម្លៃ​ច្រើន ។ “ស៊ី​ថោក” គឺ​យក​តម្លៃ​ថោក យ៉ាង​នេះ​ជាដើម ហៅ​ថា អត្ថ​បដិរូប (គួរ​ប្រើ​ជា​អត្ថប្បដិរូប) ។
អត្ថានុរូប (បា. អត្ថ “ន័យ, សេចក្ដី” + អនុរូប “សម​ទៅ​តាម, ត្រូវ​តាម​ទំនង”) ន័យ​របស់​ពាក្យ​ដែល​សម​ទៅ​តាម​សេចក្ដី, ន័យ​របស់​ពាក្យ​ត្រង់​ៗ, ន័យ​ដែល​មិន​បង្វិល​បញ្ចៀស​ខុស​ឃ្លាត​ចាក​សេចក្ដី​ដើម គឺ​ពាក្យ​ដែល​មិន​ប្រើ​ជា​សេចក្ដី​ប្រៀប​ប្រដូច ។