អាជីវករ​ត្អូញត្អែរ​​លក់​ដូរ​​មិន​​ដាច់​​អំឡុង​​ពិធី​បុណ្យ​​ចូលឆ្នាំខ្មែរ​ ស្រប​ពេល​​ជំងឺកូវីដ-១៩ បន្តរាតត្បាត​​ខ្លាំង​។

ពិធីបុណ្យ​ចូលឆ្នាំ​ប្រពៃណីជាតិ​ខ្មែរ​រៀងរាល់ឆ្នាំ អាជីករលក់​​បន្លែ ផ្លែឈើ ផ្កា និង​​ឥវ៉ាន់​ច្រើន​​តែង​តែ​​រីករាយ​​ចំពោះ​​អតិថិជន​ចូលទិញ​​ទំនិញ​​ស្ទើ​លក់​​មិន​ទាន់ ប៉ុន្តែ​​ឆ្នាំ​នេះ​​ទិដ្ឋភាព​​នៃ​ការ​លក់​ដូរ​តាម​​ផ្សារ ប្រែ​​ស្ងាត់​​ខុស​ពី​ធម្មតា​​បន្ទាប់​ពី​ជំងឺកូវីដ១៩ រាតត្បាត​​ខ្លាំង​​ចូល​សហគមន៍។

អាជីវករ​​នៅ​ផ្សារ​ដេប៉ូ រាជធានីភ្នំពេញ​លោកស្រី សុខ ហួរ ប្រាប់​​អាស៊ីសេរី​ថា រាល់​ឆ្នាំ​​មុន​ថ្ងៃបុណ្យ​​ធំៗ​​មួយ​​សប្តាហ៍​អាជីវករ​​លក់​ដាច់ ដែល​​ធ្វើ​ឱ្យ​​ពួក​គាត់​អាច​​ទទួល​​បាន​​ប្រាក់​​ចំណេញ​​គួរសម​ សម្រាប់​​ទ្រទ្រង់​​ជីវភាព​​គ្រួសារ។ ប៉ុន្តែឆ្នាំនេះ អាជីវករ​លក់​ដូរ​​មិន​សូវ​ដាច់​ទេ ព្រោះ​ប្រជាពលរដ្ឋ​​មិន​​សូវ​ដើរ​​ផ្សារ ហើយអ្នក​ទិញ​​ភាគ​​ច្រើន​​ប្រញាប់​​ត្រឡប់​​ទៅ​ផ្ទះវិញ​ដោយ​ខ្លា​ច​​ឆ្លង​​ជំងឺ​កូវីដ។

ក្រៅពី​នេះលោកស្រី សុខ ហួរ ប្រាប់​ថា ឥវ៉ាន់​ដែល​​យក​​បន្ត​ពី​ថៅ​កែ​​ឡើង​ថ្លៃ​ថែម​ទៀត។ ឧទាហរណ៍ សាច់​ជ្រូក​យក​​ពី​​ថៅ​កែ​តម្លៃ​​ជិត​​ ២​ ម៉ឺន​រៀល​​ក្នុង​មួយ​គីឡូក្រាម ​លោកស្រី​​ត្រូវលក់​​ឱ្យ​អតិថិជន​​តម្លៃជាង ​២ ម៉ឺនរៀល ទៅ ​៣ ​ម៉ឺនរៀលក្នុងមួយ​គីឡូក្រាម តាម​ប្រភេទ​សាច់។ អាជីវករ​រូប​នេះ​ថា ​ស្ថានភាព​នេះ​ធ្វើ​ឱ្យគ្រួសារ​​លោកស្រី​​ជួប​​ប្រទះ​​ទុក្ខ​លំបាក​​ខ្លាំង ប៉ុន្តែ​​លោកស្រី​​ត្រូវ​​​បង្ខំ​​ចិត្ត​​​ចេញ​ទៅលក់ ដើម្បី​​រ​ក​ប្រាក់​​ចំណូល​បន្តិចបន្តួច​​សម្រាប់​​ផ្គត់ផ្គង់​​ជីវភាព​​គ្រួសារ៖ «ណាមួយ​ឥវ៉ាន់​ឡើង​ថ្លៃ​សាច់​ជ្រូកអី ដល់​ពេល​អ៊ីចឹង​ទៅ​រាងកាត់​បន្ថយ​ដែរ​ រក​អត់​បាន និយាយ​ពី​ប៉ះពាល់​កូវីដ​ហ្នឹង តាម​តែ​មាន​លុយមាន​កាក​ហូប​ហ្នឹង​​អត់​ហ៊ាន​​ចេញ​​លក់​ទេ ប៉ុន្តែ​ប្រឈម​មុខ​ បើ​យើង​អត់លក់​បានអី បើ​យើងអត់​លុយ​ត្រៀម​ទុក​​ហូប​ផង គេ​មាន​លុយ​ចេះ​ទិញ​​ទុក​​ពេញៗទូរ ​ដល់​យើង​អ្នក​លក់​ដូរ​​អត់​លុយ​​យ៉ាប់​ដែរ​ ចេះ​តែ​​ប្រឹង​​លក់​ខ្លាច​​ខ្លះ​​អីខ្លះ»។