អរិយធន​ អរិយទ្រព្យ​មាន​ ៧​ យ៉ាង​

ទ្រព្យ​គឺ​សទ្ធា​ ទ្រព្យ​គឺ​សីល​ ទ្រព្យ​គឺ​ហិរិ​ ទ្រព្យ​គឺ​ឱត្តប្បៈ​ ទ្រព្យ​គឺ​សុតៈ​ ទ្រព្យ​គឺ​ចាគៈ​ ទ្រព្យ​គឺ​បញ្ញា​ ជា​គម្រប់​ ៧ ។​ បុគ្គល​ណា​ ទោះ​ស្ត្រី​ក្ដី​ បុរស​ក្ដី​ មាន​ទ្រព្យ​ទាំង​នេះ​ អ្នក​ប្រាជ្ញ​ទាំង​ឡាយ​ ហៅ​បុគ្គល​នោះ​ថា​ជា​អ្នក​មិន​ទ័ល​ក្រ​ឡើយ​ ការ​រស់​នៅ​របស់​បុគ្គល​នោះ​ មិន​សោះ​សូន្យ​ឡើយ ។​ ហេតុ​នោះ​ អ្នក​ប្រាជ្ញ​ កាល​រលឹក​នូវ​ពាក្យ​ប្រៀន​ប្រដៅ​របស់​ព្រះ​ពុទ្ធ​ទាំង​ឡាយ​ គប្បី​ប្រកប​រឿយៗ​ នូវ​សទ្ធា​ សីល​ សេចក្ដី​ជ្រះ​ថ្លា​ និង​ការ​ឃើញ​នូវ​ធម៌ ។ ( បិដក​លេខ​ ៤៧​ ទំព័រ​ ៧ )

បណ្ដា​បទ​ទាំង​នោះ​ ទ្រព្យ​គឺ​សទ្ធា​ ឈ្មោះ​ថា​ សទ្ធាធនំ​ ដោយ​អត្ថ​ថា​ បាន​ចំពោះ​នូវ​សម្បត្តិ ។​ ក្នុង​បទ​ទាំង​ពួង​ ក៏​មាន​ន័យ​ដូច​គ្នា ។​ ក៏​បណ្ដា​អរិយទ្រព្យ​ទាំង​នេះ​ ទ្រព្យ​គឺ​បញ្ញា​ប្រសើរ​ជាង​ទ្រព្យ​​ទាំង​ពួង​ ។​ ព្រោះ​ថា​ សត្វ​ទាំង​ឡាយ​តាំង​នៅ​ក្នុង​បញ្ញា​ហើយ​ បំពេញ​សុចរិត​ ៣​ សីល​ ៥​ សីល​ ១០​ ឱ្យ​បរិបូណ៌​ រមែង​ចូល​ដល់​សួគ៌​ គឺ​ រមែង​ចាក់​ធ្លុះ​ នូវ​សាវកបារមីញាណ​ បច្ចេក ពោធិ​ញ្ញាណ​ និង​សព្វញ្ញុតញ្ញាណ​បាន ។​ បញ្ញា​ លោក​ហៅ​ថា​ ទ្រព្យ​គឺ​បញ្ញា​ ព្រោះ​ជា​ហេតុ​នៃ​ការ​​បាន​ចំពោះ​នូវ​សម្បត្តិ​ទាំង​អស់​នេះ ។​ ក៏​អរិយទ្រព្យ​ទាំង​ ៧​ប្រការ​នេះ​ លោក​ពោល​លាយ​​គ្នា​ទាំង​លោកិយ​ ទាំង​លោកុត្តរ​ដោយ​ប្រការ​ដូច្នេះ ។

ថ្លែងអរណរគុណដល់ ៖ ៥០០០ឆ្នាំ (https://5000-years.org/kh/read/500)