យោងតាម ផេកហ្វេសប៊ុក របស់រដ្ឋបាលខេត្តព្រះសីហនុ បានឲ្យដឹងថា នៅវេលាម៉ោង០៥ និង៣០នាទី ព្រឹកថ្ងៃទី៤ ខែសីហា ឆ្នាំ២០២១ សពជនរងគ្រោះឈ្មោះ ជូ ជាគុយ ដែលបានបាត់ខ្លួនកាលពីរសៀលថ្ងៃម្សិលម៉ិញ បានអណ្តែតមកទើរលើឆ្នេរខ្សាច់ ដែលមានចំងាយជាង១គីឡូម៉ែត្រពីកន្លែងកើតហេតុ។ សូមចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំជាមួយក្រុមគ្រួសារសព។
ដូច្នេះហើយ សូមលោកអ្នកគួរមានការប្រុងប្រយ័ត្នខ្ពស់ ពេលចុះលេងទឹកសមុទ្រ ជាពិសេសនៅក្នុងរដូវភ្លៀងធ្លាក់ខ្លាំង។
នៅវេលាម៉ោង ០៨ និង៣០ នាទីយប់ ថ្ងៃទី៣ ខែសីហា ឆ្នាំ២០២១ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានដឹកនាំបញ្ជាផ្ទាល់ ក្នុងប្រតិបត្តិការ នៃការស្វែងរកបុរសម្នាក់ ដែលបានបាត់ខ្លួន បន្ទាប់ពីចុះលេងទឹកសមុទ្រ ដោយសារទឹករលកខ្ពស់ តាំងពីវេលាម៉ោង ១៦ និង ៣០នាទីល្ងាច នៅចំនុចឆ្នេរអូរត្រេះ១ ក្នុងភូមិសាស្ត្រ សង្កាត់លេខ៤ ក្រុងព្រះសីហនុ។ ប្រតិបត្តិការនៃការស្វែងរកជនរងគ្រោះខាងលើនេះ កំពុងបន្តធ្វើដោយមានការចូលរួមសហការពីក្រុមអ្នកមុជទឹក របស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ និងអ្នកមុជទឹកស្ម័គ្រចិត្តកោះរ៉ុងផងដែរ។
សូមជម្រាបជូនថាជនរងគ្រោះខាងលើ មានឈ្មោះ ជូ ជាគុយ ភេទប្រុស អាយុ ២៩ ឆ្នាំ ជនជាតិខ្មែរ មុខរបរជាមេធាវី មានទីលំនៅរាជធានីភ្នំពេញ បានមកក្រុងព្រះសីហនុក្នុងបេសកកម្មការងារ និងទេសចរណ៍។
1,871 នាក់ (ចំនួនអ្នកចូលមើល ទំព័រនេះ), 12 នាក់ (ចំនួនសរុបអ្នកចូលមើល ថ្ងៃនេះ។)