យោងតាមគេហទំព័ររបស់ ក្រសួងសាធារណៈការ និង ដឹកជញ្ជួន លោក ម៉ម ទូច ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកែប បានលើកឡើងថា គម្រោងសាងសង់ផែទេសចរណ៍នៅកោះទន្សាយ គ្រោងនឹងបញ្ចប់នាចុងខែសីហាខាងមុខនេះ ដើម្បីលើកកម្ពស់ទេសចរណ៍ក្នុងខេត្តកែប។
ថ្លែងក្នុងសន្និសីទសារព័ត៌មានដែលរៀបចំដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលស្តីពីវឌ្ឍនភាពមូលដ្ឋានឃុំ-សង្កាត់ និងទិសដៅការងារបន្តរបស់ខេត្តកែប នៅថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២១នេះ លោក ម៉ម ទូច ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកែប បានមានប្រសាសន៍ថា គម្រោងការសាងសង់ផែទេសចរណ៍ កោះទន្សាយ បានបើកដំណើរការសាងសង់កាលពីចុងឆ្នាំ២០១៨ សម្រាប់បម្រើឲ្យវិស័យទេសចរណ៍តែមួយមុខប៉ុណ្ណោះ ដោយឡែកការដឹកជញ្ជូនទំនិញផ្សេងៗមិនអាចប្រើប្រាស់កំពង់ផែនេះបានឡើយ ខណៈគម្រោងសាងសង់ផែនេះត្រូវបានពន្យារពេលដល់ចុងខែសីហាខាងមុខដោយសារកត្តានៃការរាតត្បាតពីជំងឺកូវីដ១៩។
ការសាងសង់កំពង់ផែទេសចរណ៍កែប កោះទន្សាយ គឺស្ថិតនៅលើទីតាំងផែចាស់ ស្ថិតក្នុងភូមិកែប សង្កាត់កែប ក្រុងកែប ខេត្តកែប ដែលមានរូបរាង ជា ក្តាម មានចម្ងាយពីដីគោក ចូលទៅក្នុងសមុទ្រប្រមាណ ៣០៦ម៉ែត្រ ទទឹង ៦៨ម៉ែត្រ មានផ្ទៃក្រឡាសរុបប្រមាណ ជិត៥ពាន់ម៉ែត្រការ៉េ ប្រើប្រាស់ថវិកាសាងសង់សរុបជិត ៥ពាន់លានរៀល។
កំពង់ផែនេះ មានលទ្ធភាពអាចទទួលចតនាវាដែលអាចដឹកមនុស្សបានក្រោម ៣០០នាក់។សូមជម្រាបជូនថា កំពង់ផែមួយនេះត្រូវបានរដ្ឋបាលខេត្តកែប ផ្តល់សិទ្ធិអនុញ្ញាតឱ្យទៅវិស័យឯកជនជាអ្នកគ្រប់គ្រង កាលពីអំឡុងខែវិច្ឆិកា ឆ្នាំ២០២០កន្លងទៅ ក្នុងនោះ អាជ្ញាធរខេត្តកែប តាមរយៈផែទេសចរណ៍នេះ រំពឹងថានឹងទទួលបានកំណើនទេសចរណ៍បន្ថែមទៀតនាពេលខាងមុខផងដែរ៕
✍ បញ្ចេញមតិយោបល់
Array