ឈូកជាបុប្ផាដែលដុះនៅក្នុងភក់ តែមានសម្រស់ស្រស់ត្រកាលគួរជាទីគយគន់។ ផ្កាឈូកតែងត្រូវបានលើកតម្កើង និងជាគ្រឿងសក្ការៈក្នុងព្រះពុទ្ធសាសនា មូលហេតុអ្វី? ព្រោះឈូកតំណាងអោយបញ្ញាអ្នកគោរពរព្រះពុទ្ធសាសនា ព្រោះព្រះសម្មាសម្ពុទ្ធចានចាត់ទុកបញ្ញារបស់សត្វលោកដូចជាផ្កាឈូកបួនពួកក្នុងជលសា។
១. ពួកផ្កាដែលកំពុងដុះចេញពីភក់។
២. ពួកផ្កាដែលដុះចេញពីភក់តែនៅក្នុងទឹក។
៣. ពួកផ្កាដែលដុះចេញពីភក់ហើយ តែផុតពីទឹក។
៤. ពួកផ្កាដែលដុះចេញពីភក់ពីទឹក ហើយរងចាំព្រះសូរ្យសែងចាំងមកអាលនឹងរីក។
តាមចម្លាក់នានារបស់ខ្មែរ ប្រសិនបុគ្គលណាគង់នៅលើស្រទាប់ក្បាច់ផ្កាឈូក បុគ្គលនោះជាបុគ្គលប្រកបដោយបញ្ញា តួយ៉ាងដូចជាព្រះពុទ្ធ។
អត្ថន័យឈូកមានបួន៖
១.តំណាងអោយ អ្នកដែលដឹងច្បាស់នូវភាពពិតនៃធម្មជាតិ(ធម៌) ក្នុងពេលដែលបណ្ឌិតសំដែងដោយអត្ថខ្លីៗ ហៅថា«ឧគ្ឃតិតញ្ញូ»
(សម្រេចធម៌ក្នុងពេលស្ដាប់) ប្រៀបដូចជាឈូកដែលផុសចេញពីទឹករីកស្រស់បំព្រងគួរអោយគយគន់។
២. តំណាងអោយអ្នកដែលនឹងដឹងច្បាស់នូវភាពពិតនៃធម្មជាតិដោយ បណ្ឌិតសំដែងអត្ថលើកយកនូវអធិប្បាយមកបន្ថែមទើបជាក់ច្បាស់
មានតណ្ហា ទិដ្ឋិ មានះ កិលេស ស្ដួចស្ដើង ហៅថា«វិបចិត្តញ្ញូ» ប្រៀបដូចជាឈូកដែលផុសចេញពីទឹកហើយរងចាំតែរស្មីនៃទិនករទើបរីកស្រស់បំព្រង។
៣.តំណាងអោយអ្នកដែលនឹងបានដឹងច្បាស់នូវភាពពិតនៃធម្មជាតិដោយការអធិប្បាយហើយអធិប្បាយទៀត ទម្រាំនឹងបានយល់និងឃើញពីការពិតនៃធម្មជាតិ
ជីវិត ត្រូវទទួលនូវការអប់រំហើយ អប់រំទៀត ព្រោះកិលេស តណ្ហា មានះ ទិដ្ឋិនៅមានខ្លះ ហៅថា«នេយ្យៈ» ប្រៀបដូចជាឈូកផុសចេញពីភក់តែនៅក្នុងទឹក ត្រូវរងកម្មដោយការវាយប្រហារពីមច្ឆាជាតិ។
៤. តំណាងអោយអ្នកដែលពិបាននឹងធ្វើការពន្យល់ អធិប្បាយអោយយល់ (ប្រៀបដូចជាទាញថ្មឡើងភ្នំ)ទោះជាខំជួយយ៉ាងណា ក៏បុគ្គលនេះមិនអាចយល់
ឃើញច្បាស់ពីភាពពិតនៃធម្មជាតិព្រោះមានតណ្ហា ទិដ្ឋិ មានះ កិលេសច្រើនហូសនឹងជួយ ប្រៀបដូចជាឈូកក្នុងភក់ រងកម្មមួយអន្លើដោយមច្ឆាជាតិ ដូចជាអន្ទង់ ជាដើម ផុសចេញពីភក់តែស្ថិតនៅក្នុងទឹកត្រូវរងកម្មដោយមច្ឆាជាតិ ដូចជាត្រី ជាដើម។
តម្លៃដ៏ថ្លៃថ្លានៃផ្កាឈូកត្រូវបានវាយតម្លៃយ៉ាងខ្ពស់ក្នុងគម្ពីរបុរាណៈ និងគម្ពីរវេទ។ ឧទាហរណ៍ក្នុងគម្ពីរភគវេទគិតៈ បានចែងថា “អ្នកណាមួយ ដែលតាមទង្វើរបស់ខ្លួន ឧទ្ទិសសកម្មភាពនោះចំពោះព្រះអាទិទេពដ៏ឧត្តុង្គឧត្តម ដោយគ្មានគំនិតអាត្មានិយម អ្នកនោះនឹងអាចគេចផុតពីបាបកម្ម ដូចស្លឹកឈូក និងទឹក។ នេះសឲ្យឃើញនូវភាពល្អបរិសុទ្ធរបស់ផ្កាឈូកក្នុងប្រព័ន្ធគំនិតរបស់ជនជាតិឥណ្ឌានាសម័យវេទនិយមយ៉ាងប្រាកដ។ គឺគំនិតចម្បងនេះហើយ ដែលសាសនិកខ្មែរគ្រប់សម័យកាលដែលបានទទួលឥទ្ធិពលឥណ្ឌា ឬក្លិង្គបានរក្សាតាំងពីបុរាណកាលរហូតដល់បច្ចុប្បន្នភាព មិនថាគេប្រារព្ធលទ្ធិព្រហ្មញ្ញសាសនា ឬព្រះពុទ្ធសាសនានោះទេ។
សម្រាប់ពុទ្ធសាសនិកខ្មែរ ផ្កាឈូក គឺជានិមិត្តរូបនៃភាពបរិសុទ្ធនៃកាយ វាចា និងចិត្ត ដែលអណ្តែតលើទឹកភក់នៃតណ្ហាគ្មានទីបញ្ចប់ ហើយដែលជាប្រភពនៃសេចក្តីទុក្ខ។ ហើយដោយយោងលើទស្សនៈទាននេះហើយ ទើបវិចិត្រកររមែងតែឆ្លាក់ព្រះពុទ្ធអង្គក្នុងឥរិយាបថប្រថាប់សមាធិលើស្លឹកឈូក ឬត្រួយពន្លកឈូកផុតពីធូលីដី។ គឺដោយសារតែហេតុផលដូច្នេះហើយ ទើបគេតំណាងព្រះពុទ្ធអង្គក្រោយពីប្រសូត ទ្រង់បានបោះជំហានទាំង៧ ដោយព្រះបាទាប្រថាប់លើផ្កាឈូកចំនួនទាំង៧។
សូមជម្រាបផងដែរថា ក្នុងសម័យអង្គរ និមិត្តរូបនៃស្ត្រីខ្មែរ ពិសេសស្រីរបាំខ្មែរត្រូវបានលើកយ៉ាងខ្ពស់ ព្រោះថាត្រូវបានប្រដូចទៅនឹងផ្កាឈូក គួរឲ្យគយគន់។ ម្យ៉ាងវិញទៀតត្រូវជ្រាបថា ផ្កាឈូកក៏ត្រូវគេប្រើប្រាស់ជាដង្វាយដ៏ថ្លៃថ្លា ដើម្បីថ្វាយព្រះអាទិទេព ឬក៏ព្រះមហាក្សត្រក្នុងពេលបុណ្យទាន ឬក៏ក្នុងពេលកាលៈទេសៈពិសេសខ្លះ ដូចនៅប្រាសាទបន្ទាយឆ្មារជាដើម។ ភាពបរិសុទ្ធនៃផ្កាឈូកក៏ត្រូវបានគូសបញ្ជាក់តាមខ្លឹមសារនៃសិលាចារឹកខ្មែរមួយចំនួនផងដែរ។
សូមរំឮកឡើងវិញថា ក្នុងលទ្ធិព្រហ្មញ្ញសាសនា ផ្កាឈូក (បទ្ទម) តំណាងឲ្យព្រះធរណី ឬដី ម្ល៉ោះហើយ គេតំណាងផែនដីតាមរូបភាពនៃឈូកអណ្តែតនៅលើទឹករលកនៃមហាសាគរ។ ជួនកាលនៅលើផ្ទៃទឹកសមុទ្រ ឬមហាសាគរ គេឃើញរូបព្រះនារាយណ៍ផ្ទុំ។ ម្យ៉ាងវិញទៀត គេក៏ឃើញព្រះនាងលក្ម្សីកាន់នៅលើដៃនូវផ្កាឈូកមួយទង ដែលនៅទីនេះក៏តំណាងឲ្យព្រះធរណី ដែលគេប្រដូចទៅនឹងម្តាយ។ ដូចនេះផ្កាឈូក គឺជាសញ្ញានិមិត្តតំណាងឲ្យព្រះនាងយ៉ាងប្រាកដ។
✍ បញ្ចេញមតិយោបល់
Array
ឯកសារពិគ្រោះ៖ https://km.wikipedia.org/wiki/ផ្កាឈូកខ្មែរ និង https://chanlanglife.wordpress.com/