ព្រែក​ទាល់ ត្រូវ​បានចាត់ទុក​ថា ជា​តំបន់​ដែល​មាន​ពពួកសត្វ​ស្លាប​កម្រៗ រស់នៅ​ច្រើនជាងគេ​បំផុតលើ​ពិភពលោក​


ព្រែកទាល់ជាប្រព័ន្ធបរិស្ថានធម្មជាតិមួយគ្មានពីរ ដែលស្ថិតនៅខាងជើងឈៀងខាងលិចនៃទីរួមខេត្តបាត់ដំបង មានចម្ងាយស្មើនឹងពាក់កណ្តាលផ្លូវនៃការធ្វើដំណើរ តាមទូកពីខេត្តបាត់ដំបងទៅខេត្តសៀមរាប។

អ្នកទេសចរអាចធ្វើដំណើរទៅកាន់រមណីយដ្ឋានដោយមធ្យោបាយទូក កាណូត អូប័រ និងប្រើពេលប្រមាណ ៧​ម៉ោង នៅរដូវវស្សា និង១០ ម៉ោងនៅរដូវប្រាំង អាស្រ័យលើល្បឿនកាណូត ។

ព្រែកទាល់​ ជារមណីយដ្ឋានជំរកសត្វស្លាបអាថ៍កំបាំងធម្មជាតិនៅតំបន់ទន្លេសាបមួយដែលមានតាំងពីយូលង់ណាស់មកហើយ នៅទីនោះគឺជាជំរកសត្វស្លាបដ៍ធំមួយ និងជាប្រភពតំណរពូជ សម្រាប់សត្វបក្សាបក្សីគ្រប់ប្រភេទ ។

នៅ​រដូវប្រាំង ចាប់ពី​ខែ​វិច្ឆិកា ដល់​ខែ​ឧសភា មាន​ប្រភេទ​សត្វ​ស្លាប​រាប់រយ​ប្រភេទ​ដូចជា ទុង ក្រ​សារ ប្រវឹក រនាល​ពណ៌ ត្រដ​ក់ និង​សត្វ​ជាច្រើន​ប្រភេទ​ផ្សេងទៀត បាន​នាំគ្នា​មក​តំបន់​នេះ យ៉ាង​កកកុញ ដើម្បី​រក​ចំណី ក្រាប​ពង និង​បង្កាត់​ពូជ​ក្នុង​ដែន​ជម្រក​អភិរក្ស​មួយ​នេះ​។ នៅ​ទីនោះ​គេ​បាន​រៀបចំ​ធ្វើ​ជា​កន្លែង​សម្រាប់​ទស្សនា​សត្វ​ស្លាប គឺ​គេ​ធ្វើ​ជា​រាន​នៅលើ​ទឹក​សម្រាប់​ឲ្យ​អ្នកទេសចរ​ឈរ ឬ​អង្គុយ​មើល​ហ្វូង​សត្វ​ស្លាប​ទាំងនោះ​បាន​យ៉ាង​ងាយស្រួល​។​

​ក្រៅ​ពី​ទិដ្ឋភាព​នៃ​ហ្វូង​សត្វ​ស្លាប​ដ៏​គួរឲ្យ​ចាប់អារម្មណ៍ គឺ​នៅ​មាន​ទេសភាព​ព្រៃ​លិច​ទឹក​ដ៏​ស្រស់ស្អាត ការ​នេសាទ​ត្រី បែប​ប្រពៃណី​របស់​ប្រជា​នេសាទ​សហគមន៍ ផ្ទះ​បណ្ដែត​ទឹក ធម្មជាតិ​ជា​លក្ខណៈ​ជីវៈចម្រុះ និង​ធនធានធម្មជាតិ​ផ្សេងៗ​ទៀត ដែល​មាន​ទាក់ទង​នឹង​ផ្ទៃ​ទឹក​ទន្លេសាប ទាំងមូល​តែ​ម្តង​។ នៅ​តំបន់​នោះ​ឃើញ​មាន​ភូមិ​នេសាទ​មួយ ដែល​មាន​ប្រជាជន​រស់នៅ​ជាង ១២០០ គ្រួសារ រស់នៅ​ក្នុង​ផ្ទះ​បណ្ដែត​ទឹក លើ​ក្បូនឫស្សី ឬ​ផ្ទះទឹក​ដែល​ផ្លាស់​ប្ដូរ ទៅតាម​ការឡើង​ស្រក នៃ​ផ្ទៃ​ទឹក​បឹង​ទន្លេសាប​៕

ផែនទី ទីតាំងព្រែកទាល់៖



ទស្សនាវីដេអូ៖


បញ្ចេញមតិយោបល់ 

Array