ព្រះនាង យសោធរា (ឬ ព្រះនាង ពិម្ពា)

ព្រះនាង​ យសោធរា (Yashodharā) មាន​ព្រះ​នាម​ហៅ​ច្រើន​យ៉ាង​ ដូចជា ១) ពិម្ពា (Bimbā), ២) ​ពិម្ពាយសោធរា (Bimbā​ Yashodharā), ៣) ភទ្ទកច្ចានា (Bhaddakaccānā), ​៤) រាហុលមាតា (Rāhula Mātā)។

ព្រះនាង យសោធរា (កនិដ្ឋាព្រះទេវទត្ត) ជាបុត្រីព្រះបាទ សុប្បពុទ្ធ នៃកោលិយវង្ស (Koliya) និង ព្រះនាងបមិត្តា នៃសាក្យវង្ស ដែល​ជា​កនិដ្ឋា​ (ប្អូន) របស់​ព្រះ​បាទ​ សុទ្ធោទនៈ នៃ​សាក្យ ឬ សក្ក​វង្ស (Shākya, Sokyā, Sakka, ឬ Sākiyā) ។ ពេល​ចម្រើន​វ័យ ព្រះ​ជន្ម​បាន​ ១៦ ​វស្សា ព្រះ​នាង ​យសោធរា បាន​រៀប​អភិសេក​ជា​អគ្គ​មហេសី​របស់​ព្រះអង្គ​ ​សិទ្ធត្ថ គោតម (ជា​បង​ប្អូន​ជី​ដូន​មួយ និង មាន​អាយុ​ស្មើ​គ្នា) ដែល​ជា​បុត្រ​របស់​ព្រះ​បាទ​ សុទ្ធោទន​មហារាជ ។ កាល​ព្រះ​នាង​មាន​ព្រះ​ជន្ម​ ២៩ ​ព្រះ​វស្សា ព្រះ​នាង​បាន​ប្រសូត្រ​បុត្រា​មួយ​ព្រះ​អង្គ ​ដែល​ត្រូវ​បាន​ដាក់​ព្រះ​នាម​ថា រាហុលកុមារ។ ក្នុង​ថ្ងៃ​ដែល​ព្រះនាង​ប្រសូត្រ​បុត្រ​នោះ ព្រះ​អង្គ សិទ្ធត្ថ ​ក៏​បាន​យាង​ចេញ​ពី​ព្រះ​នគរ ​កបិលពស្តុ​​ ដើម្បី​សាង​ផ្នួស ។ ក្រោយ​ពី​បាន​ឮ​ដំណឹង​ថា ព្រះ​អង្គ សិទ្ធត្ថ ​ទ្រង់​ចាក​ចេញ​ពី​ព្រះ​នគរ​ ចាក​ចេញ​ពី​ការ​សោយ​សុខ​នៅ​ក្នុង​ព្រះ​រាជ​វាំង ព្រះ​នាង​ក៏​សម្រេច​ចិត្ត​ធ្វើ​តាម​ព្រះ​អង្គ ដោយ​មិន​ពាក់​គ្រឿង​អលង្កា ស្លៀក​សំពត់​កាសាវពស្រ្ត​ (ស្បង់)​ ផ្ទុំ​ផ្ទាល់​នឹង​កម្រាល សោយ​អាហារ​តែ​មួយ​ពេល ។ ព្រះអង្គ​ម្ចាស់​ដែល​ជា​បុត្រ​របស់​ស្តេច​នៅ​នគរ​ដទៃៗ​ បាន​សុំ​ដណ្តឹង​ព្រះ​នាង​ជា​មហេសី តែ​ព្រះ​នាង​បាន​បដិសេធ ។

ក្រោយ​ពេល​បាន​ត្រាស់ដឹង​ ព្រះ​អង្គ សិទ្ធត្ថ ​​ក៏​យាង​​ត្រឡប់​មក​ព្រះ​នគរ​ដើម្បី​បង្រៀនព្រះ​ញាតិ​វង្ស​របស់ព្រះ​អង្គ ឲ្យ​យល់ច្បាស់​នូវ​គោល​លទ្ធិ​ថ្មី​របស់​ព្រះ​អង្គ ។ ដោយ​សារ​ការ​នឹក​រលឹក​ និង ​ការ​អន់​ចិត្ត​​ខ្លាំងពេក​ ព្រះនាង យសោធរា​​ មិន​ព្រម​យ៉ាង​ចេញ​មក​ជួប​នឹង​ព្រះ​អង្គ ​សិទ្ធត្ថ ​ឡើយ ។ ព្រះ​ពុទ្ធ​ទ្រង់​ពិចារណា​​​ឃើញ​ថា បើ​ព្រះ​អង្គ​មិន​យាង​ទៅ​រក​ព្រះនាង​ យសោធរា ​ទេ ច្បាស់​ជា​​ព្រះ​នាង​នឹង​បែក​ហឫទ័យ ​ក្ស័យ​ព្រះ​ជន្ម​​ក្នុង​ថ្ងៃ​នេះ​មិនខាន ។ ព្រះ​​ពុទ្ធ​​ទ្រង់ក៏​​យាង​ទៅ​​​​សម្តែង​​ព្រះ​ធម្មទេសនា​អំពី​អតីតជាតិ​កាល​ ដែល​​ព្រះ​អង្គ​ និង ​ព្រះនាង ​មាន​​កំណើត​ជា​សត្វ​កិន្នរា កិន្នរី ។ ក្រោយ​ពេល​សម្តែង​ព្រះ​ធម្ម​ទេសនា​នេះ​ចប់​ ព្រះនាង​ក៏​បាន​សម្រេច​សោតាបត្តិផល​ ។ ក្រោយ​ពេល​ព្រះ​នន្ទ​បួស​បាន ​៧ ​ថ្ងៃ ​ព្រះ​​នាង​​ យសោធរា មាន​​បំណង​​ឲ្យ​​ព្រះ​រាហុល​ដែល​ជា​បុត្រ​របស់​ព្រះ​នាង ទៅ​សុំ​កំណប់​ទ្រព្យ​​ពី​ព្រះ​ពុទ្ធ​ ។ ព្រះ​ពុទ្ធ​ទ្រង់​ក៏​ប្រទាន​អរិយ​ទ្រព្យ​ ៧​ ប្រការ​​ឲ្យ​ដល់ ​​រាហុល​​កុមារ ។ ពេល​សម្តែង​អំពី ​អរិយទ្រព្យ ​នេះ​ចប់​ ​ព្រះ​ពុទ្ធ​​បង្គាប់​​​ឲ្យ​ ព្រះ​សារី​បុត្រ​ បំបួស​ព្រះ ​រាហុល ​កុមារ​ ។ ក្រោយ​ពេល​ ព្រះ​រាហុល​ បាន​បព្វជ្ជា​ហើយ ព្រះ​នាង ​យសោធរា ​ក៏​យាង​សាង​ផ្នួស​ព្រម​ជា​មួយ​នឹង​ព្រះនាង ​មហាបជាបតិគោតមី​ ។ បន្ទាប់​ពី​​បួស​ជា​ភិក្ខុនី​ហើយ ព្រះ​នាង​​ យសោធរា ​បាន​​សម្រេច​​ជា​​ព្រះ​​អរហន្តី​មួយ​​រូប​​មាន​​ឈ្មោះ​​ថ្មី​​​ថា​ភទ្ទាកច្ចានាភិក្ខុនី ដែល​ជា​កំពូល​​លើ​​ភិក្ខុនី​ទាំង​ឡាយ​ផ្នែក​ខាង​រឭក​ជាតិ​បាន ។


✍ បញ្ចេញមតិយោបល់ 

Array