ប្រវត្តិសង្ខេប ព្រះពុទ្ធ (ទំព័រទី៤)


ពេល​ព្រលប់ ព្រះសិទ្ធត្ថ ទ្រង់​គង់​លើ​រតនបល្ល័ង្ក ក្រោមពោធិព្រឹក្ស ទ្រង់​បាន​ផ្ចាញ់​មារ ដែល​នាំ​កូន​ស្រី​ក្រមុំ​ទាំង​ ៣ នាក់​គឺ តណ្ហា​​អរតី និង រាគា មក​បញ្ចូល​ចិត្ត​ព្រះ​សមណគោតម ដើម្បី​ឲ្យ​​ព្រះអង្គ​លះបង់​​ការ​ស្វែង​រក​ការ​ត្រាស់ដឹង​ចោល តែ​​ព្រះ​​សមណគោតម​ពុំ​មាន​ការ​ចាប់រម្មណ៍​ឡើយ ធ្វើ​ឲ្យ​​នាង​ទាំង ៣ វិនាស​អន្តរធាន​ទៅ ។​

បន្ទាប់​​ពី​​ទទួល​​បរាជ័យ​​ក្នុង​​ការ​​បញ្ចុះបញ្ចូល​​ចិត្ត​ព្រះ​សមណគោតម​ មក មារនៅ តែមានចិត្តឫស្សាចង់ផ្ចាលផ្ចាញ់ព្រះអង្គទៀត មារបានលែងកងទ័ព បិសាច​កាច​សាហាវ​តូច​ធំ​ទាំងឡាយ​ជា​ច្រើន​ឲ្យ​មក​ច្បាំងដណ្តើមយកបល្ល័ង្កពីព្រះអង្គទៀត។ មារជិះលើដំរីឈ្មោះ គ្រីមេខលា កំពស់ ១៥០ យោជន៍(១ យោជន៍មាន ១៦ គីឡូម៉ែត្រ)និមិត្ត​ដៃមួយពាន់កាន់នូវគ្រឿងសាស្រ្តាវុធគ្រប់ប្រការ មានតំណាលថា មារបានបញ្ចេញកងពលសេនាដ៏ច្រើនតាន់តាប់មកពីមុខកំរាស់ ១២យោជន៏ ខាងឆ្វេងស្តាំ កំរាស់១២យោជន៍ ខាងលើ៩យោជន៍។ ទេវតាទាំងឡាយដែលជានាក់ថែរក្សាព្រះអង្គ មានសក្កទេវរាជ មហាព្រហ្ម ស្តេច​នាគ​កាល​បាន​បញ្ចេញឫទ្ធ​ធ្វើឲ្យ​កង​ពលរបស់មារខ្លបខ្លា​ច​រត់ប្រាសអាយុរៀងៗខ្លួន។ កងពលមារមួយកងទៀតលើកមកពីទិសឧត្តរ មារាធិរាជ​ដែល​ភ័យ​ញញើត​ស្រែក​ប្រាប់ពលរេហ៍ថា នែពួកយើង សិទ្ធត្ថនេះមានរិទ្ធបារមីខ្លាំងពូកែណាស់ ចូរពួកយើងកុំចូលមកចំពីមុខ។

មារ​ចាប់​ថ្លែង​សរ​​ឲ្យ​កើត ជា​ខ្យល់​ព្យុះដែលមាន​កម្លាំង​បោក​បក់ភ្នំឲ្យ​រលំបាន តែខ្យល់នោះមិនបានធ្វើអោយកំរើកសូម្បីតែជាយស្បង់ចីវរព្រះ អង្គបន្តិចឡើយ មារ​បង្កើត​ឲ្យ​មាន​ ភ្លើង រន្ទះ ផ្លេកបន្ទោរ ភ្លើង ភក់ក្តៅ ងងឹត សូន្យសុងពីគ្រប់ទិសទី និងគ្រឿងប្រហារផ្សេងៗ បាចសាចមកលើព្រះអង្គ តែ​គ្រឿង​ប្រហារ​ទាំងនោះ​​មិន​បាន​បៀតបៀន​អ្វី​ដល់​ព្រះ​អង្គឡើយ តែក្លាយទៅជាគ្រឿងសក្ការបូជាព្រះអង្គទៅវិញ។ ឃើញដូចនោះ មារាធិរាជ​ក៏​បរ​ដំរី​ដៃ​កាន់​អាវុធ​ ១ ពាន់ចូលទៅជិតព្រះអង្គស្រែក​គំរាមថា៖ «នែសិទ្ធត្ថ! ចូរអ្នកដើរចេញពីរតនបល្លង្គនេះភ្លាមទៅ រតនបល្លង្គនេះរបស់យើង» ព្រះ​សមណ​គោត​មទ្រង់​ត្រាស់​ពោល​ទៅ​កាន់​មារ​វិញថា «ម្នាលមារ រតនបល្លង្គនេះ កើតមកមិនមែនសំរាប់រូបអ្នកទេ គឺពិតជាកើតមកសំរាប់យើង ដែលជាអ្នកបំពេញនូវបារមីទេតើ អ្នក​មិន​មែន​ជាអ្នកបំពេញបារមីទេ ចូរថយចេញភ្លាមទៅ»។ ក្រុងមាររិតតែខឹងខ្លាំងឡើង ហើយ​ក៏​គ្រវែង​ចក្រាវុធ​ ដ៏​មាន​មុខ​ស្រួច​សំដៅ​ព្រះ​អង្គ​ចក្រាវុធ​នោះក៏ក្លាយជាពិដានការពារ​ព្រះអង្គទៅវិញ រី​ឯ​ក្រុមរេហ៍​ពល ដែល​ដក​ភ្នំ​គ្រវែង​មក​លើ​ព្រះអង្គ​ពេល​នោះដែរ តែភ្នំទាំងនោះក្លាយជាកំរងផ្កាបូជា​ព្រះអង្គទៅវិញ។

ដោយទល់គំនិត មិនដឹងនឹងរកអ្វីតទល់យកឈ្នះលើព្រះអង្គបាន មារ​សំឡុត​ព្រះ​អង្គ​ថា តើព្រះអង្គ​មានភស្តុតាងគុណធម៌អ្វីជាអាង។ ព្រះពុទ្ធធ្វើការត្រិះរិះថា រតនបល្ល័ង្គតែងកើតមានដល់ព្រះសម្មាសម្ពុទ្ធគ្រប់ព្រះ អង្គ ហើយរតនបល្ល័ង្គនេះកើតឡើងចំពោះអាត្មាអញ ហើយក៏សំរាប់តែអាត្មាអញតែម្នាក់ប៉ុណ្ណោះ ទ្រង់ព្រះចិន្តាដូច​នេះ​ហើយ​ក៏​សួរ​ទៅ​មារ​វិញ​ថា «ម្នាលមារ បើរតនបល្ល័ង្គនេះជារបស់អ្នក តើអ្នកមានអ្វីជាសាក្សី » ក្រុងមារឆ្លើយតប​ដោយ​ខែងរែង​ថា «រេហ៍​ពល​យើង​ទាំង​អស់​នេះ​ជា​បន្ទាល់» ចុះសិទ្ធត្ថ ឯងវិញ មានអ្វីជាសាក្សី ។ ព្រះសមណគោតមទ្រង់លើក ព្រហស្ថស្តាំ ចង្អុព្រះធរណី និងអំពាវនាវប្រាប់ធរណី ឲ្យ​ជួយ​ធ្វើ​សាក្សី ទទួលដឹង លឺនូវអំពើល្អរបស់ព្រះអង្គ ព្រះអង្គទ្រង់ត្រាស់ថា ក្រលាមហារប្រថពីនេះហើយជាសាក្សីរបស់យើង។ សមុទ្រ ឬ​កាយវិការ​នៃ​ព្រះហស្ថ​នេះ​គឺ «ការផ្ចាញ់មារ» រឺថា «ការយកព្រះធរណីធ្វើ ជាសាក្សី» គ្រាន់តែមានព្រះបន្ទូល​ដូច្នេះ មហា​ប្រថពី​ក៏​លាន់​រញ្ជួយ​កក្រើក​ឡើង ទទួលខ្លួនជាសាក្សីបន្ទល់ចំពោះព្រះអង្គ ក្នុងគ្រានោះព្រះអង្គទ្រង់នឹកដល់​ដំរី បច្ច័យនាគេន្ទ ដែល​ព្រះ​អង្គ​ទ្រង់​ប្រទាន​ដល់​អ្នក​ស្រុក​កលិង្ករាស្រ្ត កាលព្រះទ្រង់សោយព្រះជាតិជា វេស្សន្តពោធិសត្វ គ្រានោះដំរីគ្រីមេខលា ដែលជាអតីតជាតិ ជានាគេន្ទេនោះ ក៏អោនក្បាល លុត​ជង្គង់​ក្រាប​ថ្វាយបង្គំព្រះអង្គ​ដោយគោរព រីនាងគង្ហីងព្រះធរណីបានចេញមក ហើយយកដៃច្បូតសក់ហូរចេញជាទឹកក្លាយជាសមុទ្រ លេចពលរេហ៏​មហាមារ​អស់ជាច្រើន។ មហាមារឃើញដូច្នោះហើយក៏ក្រាបថ្វាយបង្គំព្រះអង្គដោយសរសើរថា «បពិតមហាបុរស អ្នក​ជា​អ្នក​មាន​ញាណ​ញេយ្យ​ដ៏​​អស្ចារ្យមែន យើងខ្ញុំព្រះករុណាសូមនមស្សការដោយគោរព»។

ព្រលឹមអរុណរះ ព្រះនាងសុជាតាបានរៀបចំម្ហូបអាហារ ដើម្បី​យក​ទៅ​ថ្វាយ​បូជា ដល់ដើមពោធិព្រឹក្សដែលព្រះនាង​បាន​ធ្វើ​ការ​បន់​ស្រន់​សុំ​រាជបុត្រ​នៅ​ទី​នោះ មក​ដល់​ដើមពោធិព្រឹក្ស ព្រះ​នាង​ទ្រង់​យល់​ឃើញ​ព្រះសម្មាសម្ពុទ្ធត្រេកអរ​ប្រកបដោយ សទ្ធាជ្រះថ្លាជាក្រៃពេក ហើយបានថ្វាយ មធុបាយាស អៃដ៏ភាជន៍មាសដល់ព្រះសម្មាសម្ពុទ្ធ ព្រះ​អង្គ​ទ្រង់​ពូត​មធុបាយាស ជា ៧ពុំនូតហើយទ្រង់សោយ ទ្រង់បានយកភាជន៍មាសគ្រវែងចូលទៅក្នុងគង្គារ ដែលលិចទៅបះទង្គិច​ភាជន៍​មាស​នៃ​ព្រះ​ពុទ្ធ​អង្គ​មុន​ៗ ធ្វើអោយនាគរាជដែលកំពុងដេកលក់ភ្ញាក់ឡើងហើយប្រកាសថា អោ! មានព្រះពុទ្ធ​​ត្រាស់​​មួយអង្គទៀតហើយតើ! ព្រះសមណ សិទ្ធត្ថ គោតម បានត្រាស់ជាព្រះពុទ្ធនៅថ្ងៃពុធ ១៥កើត ពេញបូណ៌មី ខែពិសាខ ឆ្នាំរកា ក្នុងព្រះជន្ម ៣៥ វស្សា។


កំណត់​សម្គាល់ ៖

រឿង​និទាន​អំពី​ការផ្ចាញ់មារ​​ គ្រាន់​តែ​ជា​វិធី​ប្រៀបធៀប​ឲ្យ​អ្នក​ស្តាប់ និង អ្នក​អាន​ងាយ​យល់​ អត្ថន័យ​នៃ​ទស្សនវិជ្ជា​​​ផ្លូវ​ចិត្ត​ ដែល​មនុស្ស​សាមញ្ញ​​ពិបាក​យល់​ ។ អ្នក​និពន្ធ​សាច់​រឿង​នោះ​ បាន​លើក​យក​តួអង្គ​មារ និង បុត្រ​ទាំង ៣ ធ្វើ​ជា​តំណាង​ឲ្យ​ដួង​ចិត្ត​​អាក្រក់​របស់​បុគ្គល​ម្នាក់​ៗ ដែល​ប្រយុទ្ធ​តស៊ូ​​ជាមួយ​នឹង​​ដួង​ចិត្ត​ល្អ នៅ​ចំពោះ​មុខ​រាល់​ការ​សម្រេច​ចិត្ត​ទាំង​អស់ ។ មិត្ត​អ្នក​អាន​​ជ្រាប​ហើយ​ថា គ្មាន​តួ​អង្គ​មារ​ ឬ បុត្រី​របស់​មារ ឬ កង​ទ័ព​របស់​មារ​​ ពិត​ប្រាកដ​​ទេ ប៉ុន្តែ​ពួក​វា​គឺ​ជា​ចិត្ត​ដែល​ច្បាំង​គ្នា​នៅ​ក្នុង​ខួរ​ក្បាល​របស់​មនុស្ស​ម្នាក់​ៗ​ នៅ​គ្រប់​វិនាទី ។


បញ្ចេញមតិយោបល់ 

Array