ប្រវត្តិសង្ខេប ព្រះពុទ្ធ (ទំព័រទី២)


ក្រោយ​ពី​ព្រះ​រាជ​ឱរស​ប្រសូត​បាន​ប្រាំ​ថ្ងៃ ព្រះបាទ​សុទ្ធោទនៈ​បានជ្រើស​រើស​ព្រាហ្មណ៍ដ៏ពូកែ​ៗ​៨​នាក់ ដើម្បីអោយ​ថ្វាយព្រះនាម ​មើល​និង​ទាយ​នូវ​លក្ខណៈ​របស់​ព្រះ​ពោធិសត្វ។ ព្រះ​នាម​របស់​ព្រះ​បរម​ពោធិសត្វ​ត្រូវបាន​ជ្រើស​រើស​​ថា សិទ្ធត្ថ ដែល​ប្រែ​ថា អ្នក​សំ​រេច​ប្រយោជន៏​គ្រប់​យ៉ាង។ ក្រោយពីមើលលក្ខណៈព្រះពោធិសត្វរួច ឃើញថា ព្រះអង្គ​ប្រកប​ដោយ​មហា​បុរិស​លក្ខណៈ​ ៣២ ​ប្រការ ព្រាហ្មណ៍​៧​នាក់​ក៏​លើក​ម្រាម​ដៃ​ពីរ​ទាយ​ថា បើ​ព្រះ​រាជ​កុមារ​ស្ថិត​នៅ​ជា​ក្សត្រ ព្រះ​អង្គ​នឹង​បាន​ជា​ស្តេច​ចក្រ​ពត្តិ បើ​ព្រះ​អង្គ​ចេញ​សាង​ផ្នួស​​នឹង​បាន​ត្រាស់​ជា​ព្រះ​ពុទ្ធ កាលនោះ​ព្រាហ្មណ៍​ម្នាក់​នៅ​ក្មេង​ជាង​គេ​ឈ្មោះ កោណ្ឌញ្ញ​ព្រាហ្មណ៍​បាន​ពិចារណា​លើ​ទី​កន្លែង​ដែល​ទ្រង់​ប្រសូត​ គឺ​នៅ​ក្នុង​ឧទ្យាន​ក៏​លើក​ម្រាម​ដៃ​តែ​មួយ​ទាយ​ថា ព្រះ​រាជ​កុមារ​ប្រាកដ​ជា​នឹង​បាន​ត្រាស់​ជា​ព្រះ​ពុទ្ធ។ ក្រោយ​ពេល​ព្រះ​អង្គ​ប្រសូត​បាន​៧​ថ្ងៃ​ ព្រះ​មាតាព្រះអង្គក៏​សោយ​ទី​វង្គត់។ ព្រះ​រាជ​កុមារ​សិទ្ធត្ថ ត្រូវ​បាន​ព្រះ​មាតុច្ឆាព្រះអង្គ​​ព្រះ​នាម​មហា​បជា​បតី​គោតមី​បី​បាច់​រក្សា​ត​មក។


ដោយចង់ឲ្យព្រះសិទ្ធត្ថបានជាស្តេចចក្រពត្តិ ដូចដែលព្រាហ្មណ៍ទាយទុកនោះ ព្រះសុទ្ធោទនទ្រង់ចាត់ឲ្យគេយាមមិនឲ្យមានមនុស្សចាស់ ជរា ឈឺ ឬស្លាប់ ឲ្យព្រះសិទ្ធត្ថទ្រង់យល់ឃើញឡើយ អ្នកបម្រើភិលៀងនៅក្នុងដំណាក់របស់ព្រះអង្គមានសុទ្ធសឹងយុវវ័យទាំងអស់។ ការគង់នៅក្នុងរាជវាំង ព្រះសិទ្ធត្ថទ្រង់សោយសុខដោយកាមលោកីយគ្រប់ប្រការ។ នៅថ្ងៃមួយ ព្រះបរមពោធិសត្វទ្រង់មានព្រះទ័យអផ្សុកយ៉ាងខ្លាំង ព្រះអង្គក៏ត្រាស់ឲ្យឆន្នអាមាត្យរៀបចំក្បួនដើម្បីនឹងទៅក្រសាលឧទ្យាន។ នៅតាមផ្លូវព្រះអង្គទតឃើញ។

– មនុស្សចាស់ –

មានឆ្អឹងជំនីរដូចជាបង្កង់ មានខ្នងកោង មានឈើច្រត់ជាគ្រឿងទប់ទល់ កំពុងញាប់ញ័រក្រហល់ក្រហាយ មានវ័យកន្លងហើយ លុះព្រះពោធិសត្វឃើញហើយ ក៏សួរទៅឆន្នអាមាត្យថា បុរសនេះធ្វើដូចម្តេច បានជាសក់គាត់មិនដូចជាសក់អ្នកឯទៀត ទាំងកាយគាត់ក៏មិនដូចកាយអ្នកដទៃដែរ។ ឆន្នអាមាត្យក៏ក្រាបបង្គំទូលថា បពិត្រព្រះអង្គ នេះគេហៅថា បុរសចាស់ តពីនោះគាត់នឹងមិនរស់នៅយូរប៉ុន្មានទេ។ ទោះព្រះអង្គក៏គង់នឹងចាស់ជាធម្មតា មិនអាចកន្លងសេចក្តីចាស់ទៅបានទេ។


– បុរសឈឺ –

កាលកន្លងទៅ ព្រះអង្គក៏យាងក្រសាលឧទ្យានម្តងទៀត។ ព្រះអង្គបានទតឃើញបុរសមានអាពាធដល់នូវសេចក្តីទុក្ខ ឈឺធ្ងន់ ដេកត្រាំក្នុងទឹកមូត្រនិងលាមករបស់ខ្លួន មានជនទាំងឡាយដទៃលើកឲ្យក្រោកឡើង ផ្តេកឲ្យដេក លុះទតឃើញហើយ ព្រះអង្គក៏សួរទៅឆន្នអាមាត្យថា បុរសនេះធ្វើដូចម្តេច បានជាភ្នែករបស់គាត់មិនដូចជាភ្នែកអ្នកដទៃ ក្បាលក៏មិនដូចជាក្បាលអ្នកដទៃ។ ឆន្នអាមាត្យក្រាបទូលថា បពិត្រព្រះសម្មតិទេព បុរសនេះហៅថា បុរសឈឺ។ បុរសនេះមិនអាចនឹងរួចពីជំងឺបានឡើយ ទោះព្រះអង្គក៏នឹងមានជំងឺជាធម្មតា មិនអាចកន្លងសេចក្តីឈឺចាប់បានឡើយ។


– បុរសស្លាប់ –

ថ្ងៃបន្ទាប់ក្រោយមក ព្រះពោធិសត្វក៏ទៅក្រសាលឧទ្យានទៀត។ ម្តងនេះ ព្រះអង្គបានទតឃើញបុរសស្លាប់ ក៏ត្រាស់សួរឆន្នអាមាត្យ នោះជាអ្វី។ ឆន្នអាមាត្យក្រាបទូលថា បពិត្រព្រះអង្គ ព្រោះបុរសនោះហៅថាធ្វើមរណកាលហើយ។ ញាតិទាំងឡាយនឹងមិនឃើញបុរសនោះទៀតឡើយ ទាំងបុរសនោះសោតក៏លែងបានឃើញញាតិទាំងឡាយរបស់គាត់ដែរ។ ទោះបីព្រះអង្គក៏នឹងធ្វើមរណកាលដូចគ្នា មិនអាចកន្លងសេចក្តីស្លាប់បានឡើយ។ ព្រះបរមពោធិសត្វក៏មានសេចក្តីសង្វេកជាខ្លាំង សញ្ជប់សញ្ជឹងគិតថា ជរា ព្យាធិ និងមរណា តែងមានប្រាកដដល់សត្វលោក។


– អ្នកបួស –

ថ្ងៃកន្លងមកបន្ទាប់ព្រះអង្គក៏ទៅក្រសាលឧទ្យានម្តងទៀត។ ព្រះពោធិសត្វបានទតឃើញបុរសមានសីសៈរលីង ជាអ្នកបួស ស្លៀកដណ្តប់សំពត់កាសាវពស្ត្រ លុះឃើញហើយ ក៏សួរឆន្នអាមាត្យ បុរសនេះធ្វើដូចម្តេច បានជាក្បាលរបស់គាត់មិនដូចក្បាលអ្នកដទៃ ទាំងសំពត់របស់គាត់ ក៏មិនដូចរបស់អ្នកដទៃ។ ឆន្នអាមាត្យក្រាបទូលថា បពិត្រព្រះសម្មតិទេព នេះគេហៅថា អ្នកបួស។ បុរសនោះប្រព្រឹត្តធម៌ដោយប្រពៃ មិនបានបៀតបៀន តែងអនុគ្រោះដល់សត្វដទៃ។ ព្រះអង្គក៏ពិចារណាថា អ្នកបួសគឺជាការស្រួលណាស់ព្រោះមិនបៀតបៀនគេ តែងអនុគ្រោះដល់គេ។


នៅក្នុងរាជវាំង ព្រះអង្គទ្រង់ទតឃើញជារឿយៗ ភិលៀង អាមាត្យ ទាំងឡាយដេកលក់ ខ្លះហៀរទឹកមាត់ ខ្លះរបូតសំពត់អាវ នៅស្តូកស្តឹងគ្មានវិញ្ញណដូចជាអង្គត់ឈើមួយដុំ ធ្វើឲ្យព្រះអង្គទ្រង់មានការសង្វេក និងគិតដល់និមិត្តទាំង៤ដែលព្រះអង្គទតឃើញ។ ព្រះអង្គទ្រង់ព្រះចិន្តាពិចារណាដល់សមណអ្នកបួសយ៉ាងស្រគត់ស្រគមគួរជាទីជ្រះថ្លានៃសត្វលោកទាំងឡាយ ព្រះអង្គក៏មានសទ្ធាពេញព្រះហរទ័យ ត្រេកអរជាក្រៃពេក ក៏គិតនឹងចេញសាងផ្នួស។


បញ្ចេញមតិយោបល់ 

Array

ឯកសារពិគ្រោះ ៖ https://km.wikipedia.org/wiki/ព្រះពុទ្ធ