ថ្ងៃមួយព្រះពុទ្ធបាននិមន្តឆ្លងកាត់ភូមិមួយ។ ហើយរំពេចនោះស្រាប់តែ បុរសក្រេវក្រោធឈ្លើយកោងកាចម្នាក់លេចមុខឡើង ហើយជេរប្រមាថព្រះពុទ្ធមិនសំចៃមាត់ឡើយ។
បុរសឈ្លើយនោះបានស្រែកទាំងកំហឹងថា “លោកឯងគ្មានសិទ្ធិមកប្រដៅអ្នកដទៃទេ។ អ្នកឯងជាមនុស្សឆ្កួត ជាមនុស្សក្លែងក្លាយ”។
ព្រះពុទ្ធមិនបានអន់ចិត្តដោយសម្តីប្រមាថទាំងនោះទេ។ ផ្ទុយមកវិញ ព្រះពុទ្ធបានសួរទៅបុរសវ័យក្មេងនោះយ៉ាងដូច្នេះថា “ប្រាប់អាត្មាមកមើល តើញោមប្រុសបានទិញអំណោយជូននរណាម្នាក់ឬទេ ហើយបើគេមិនទទួលយកអំណោយមួយនោះទេ អ៊ីចឹងអំណោយនោះនឹងត្រូវធ្លាក់ក្នុងដៃនរណាវិញ?” ។
បុរសនោះភ្ញាក់ផ្អើល ពេលត្រូវបានសួរសំណួរចម្លែកបែបនេះ ហើយក៏ឆ្លើយតបវិញថា “អំណាយនោះច្បាស់ជាធ្លាក់ក្នុងដៃខ្ញុំវិញហើយ ព្រោះខ្ញុំជាអ្នកទិញវា”។
ព្រះពុទ្ធ ទ្រង់ញញឹម ហើយមានពុទ្ធដីកាវិញថា “ត្រឹមត្រូវហើយ វាគឺដូចគ្នាទៅនឹងកំហឹងរបស់ញោមប្រុសអ៊ីចឹង។ ប្រសិនបើញោមប្រុសខឹងជាមួយអាត្មា ហើយអាត្មាមិនខឹងនឹងញោមប្រុស អ៊ីចឹងកំហឹងនោះនឹងធ្លាក់ទៅលើញោមវិញ។ ប្រសិនបើញោមចង់កុំឱ្យខ្លួនឯងឈឺចាប់ ញោមត្រូវតែលះបង់កំហឹង និងជ្រើសយកក្តីស្រឡាញ់ជំនួសវិញ។ ពេលញោមប្រុសស្អប់គេ ញោមខ្លួនឯងនឹងមិនរីករាយទេ។ ប៉ុន្តែនៅពេលញោមប្រុសស្រឡាញ់អ្នកដទៃ គ្រប់គ្នានឹងរីករាយជាមួយគ្នា”៕
✍ បញ្ចេញមតិយោបល់
Array