ឧទ្យានជាតិវីរៈជ័យ សក្តានុពល សត្វព្រៃ និងសម្រស់ត្រកាលនៃធម្មជាតិ។

ឧទ្យានជាតិវីរៈជ័យស្ថិតក្នុងភូមិសាស្ត្រខេត្តរតនៈគីរី និងខេត្តស្ទឹងត្រែងដែលមានផ្ទៃដីចំនួន៣៣២.៥០០ ហិកតា។ បើយើងនិយាយពីសក្តានុពលក្នុងឧទ្យានជាតិវីរៈជ័យនៃភូមិសាស្ត្រខេត្តប៉ែកឦសាន្តមួយនេះ ធម្មជាតិក្នុងព្រៃ និងតាមដងអូ រួមទាំងសត្វព្រៃ​គឺជាអ្វី​ដែល​ធ្វើឱ្យ​ឧទ្យានជាតិ​មួយ​នេះ​មាន​សម្រស់ស្រស់​ត្រកាលបង្អួតអ្នកដែលបានទស្សនា និងរងចាំភ្ញៀវទេសចរដែលហ៊ានប្រជែងមើលសម្រស់ដ៏ត្រកាល។

ក្នុងតំបន់ឧទ្យានជាតិវីរៈជ័យ សត្វព្រៃជាច្រើនកំពុងសំងំរស់នៅយ៉ាងមានសេចក្តីសុខដែលមានដូចជា សត្វស្វា កន្ទុយសរ ទោច ជ្រូកព្រៃ ឈ្លូស ប្រើស ខ្លាត្រី ខ្លាពពក ខ្ទីង និង ខ្លាឃ្មុំជាដើម។ មិនត្រឹមតែ​ប៉ុណ្ណោះ នៅពេលដែលចូលទៅព្រៃជ្រៅនោះមានទឹកជ្រោះមួយហៅថា(ទឹកជ្រោះយក្សកែ)នៅរដូវវស្សាទឹកធ្លាក់នោះ ស្អាតណាស់ហើយថ្លាមែនទែនដែលគួរចាប់អារម្មណ៍យ៉ាងខ្លាំងដែលមានទឹកគ្រប់គ្រាន់សំរាប់ការលេង​យ៉ាង​សប្បាយ។ ដើម្បីទៅដល់ទីតាំងកំសាន្តនេះ អ្នកទេសចរត្រូវធ្វើដំណើរប្រមាណ១៥​គីឡូ​ម៉ែត្រពីស្រុកតាវែងទៅដល់ភូមិមណ្ឌលយ៉ន​ដែលអ្នកទេសចរត្រូវឆ្លងកាត់ទន្លេសេសាន និងអូរតាបូកនៅ​ទីនោះហើយដែលអ្នកទេសចរអាចមើលឃើញផ្កាព្រៃ ទេសភាពតាមដងព្រៃជាដើម។

ភាគ​ច្រើន​នៃ​តំបន់​ភូមិភាគ​ឦសាន​ប្រទេស​កម្ពុជា​គ្របដណ្តប់​ដោយ​ព្រៃ​ជម្រុះ​ស្លឹក និង ព្រៃ​ពាក់​កណ្តាល​ស្រោង ។ ព្រៃ​ឈើ​ឧទ្យាន​ជាតិវីរៈជ័យ ភាគ​ច្រើន​ជា​ប្រភេទ​ព្រៃ​ពាក់​កណ្តាល​ស្រោង និង ព្រៃ​ស្រោង​បៃតង​ជានិច្ច ។ ទិដ្ឋភាព​ចម្រុះ​របស់​ឧទ្យាន​ជាតិ​នេះ ក៏​បង្កប់​ផង​ដែរ​នូវ​តំបន់​ទំនាប​លិច​ទឹក វាល​ស្មៅ ព្រៃឫស្សី ព្រៃចម្រុះ ជ្រុះស្លឹក និង ព្រៃជ្រុះស្លឹកសុទ្ធ ។

ឧទ្យាន​ជាតិ​នេះ​អាចជា​ដែន​ជម្រក​ព្រៃ​ឈើ​នៅសល់​ចុង​ក្រោយ​គេ​បំផុត​ដែល មាន​រុក្ខជាតិ ប្រចាំ​តំបន់​ចាំ​បាច់​ត្រូវ​ការពារ ។ មាន​ទន្លេធំៗ​ពីរ គឺ​ទន្លេសេសាន នៅ​ភាគ​ខាង​ត្បូង និង ទន្លេសេកុង នៅ​ភាគ​ខាង​លិច ជាប់​នឹង​ឧទ្យានជាតិ ។ ទន្លេ​ធំៗ​ទាំងពីរ និង ស្ទឹង​ធំៗ​មួយ​ចំនួន​ទៀត ដែល​មាន​នៅ​ក្នុង​ឧទ្យានជាតិ គឺ​ជា​ប្រភព​អាង ទឹក ដ៏​សំខាន់​របស់​តំបន់​​នេះ ហើយ​វា​ក៏​បាន​ទ្រទ្រង់​ដល់​ធម្មជាតិ និង សត្វ​ទឹក​នានា​មួយ​ចំនួន​ធំ​ដែល​ខ្លះ​ជា​ប្រភេទ​ប្រចាំ​តំបន់។


  • ឯកសារស្រាវជ្រាវ-01៖ https://www.moe.gov.kh/index/3809
  • ឯកសារស្រាវជ្រាវ-02៖ https://km.wikipedia.org/wiki/ឧទ្យានជាតិវីរៈជ័យ


✍ បញ្ចេញមតិយោបល់ Array