ភរិយា ៧ ប្រភេទ ដែលកត់ត្រានៅ​ក្នុង​ព្រះត្រៃបិដក។

នាង សុជាតា គឺ​ជា​កូនប្រសារស្រី​របស់​សេដ្ឋី​ឈ្មោះ ​អានាថបិណ្ឌិក ដែល​ជា​គ្រហស្ថ​សាវក​​​ដ៏​ល្បីល្បាញ​មួយ​រូប។ នៅ​ក្នុង​គម្ពីរ​អង្គុត្តរនិកាយ ​នៃ​គម្ពីរ​ព្រះត្រៃបិដក​ជា​ភាសា​បាលី មាន​និទាន​មួយ​ ដែល​រៀបរាប់​ថា នៅ​ពេល​ព្រះ​ពុទ្ធ​កំពុង​ទេសនា​នៅ​ក្បែរ​​ឬ​នៅ​ផ្ទះ​របស់​អានាថបិណ្ឌិកសេដ្ឋី សម្លេង​របស់​នាង​សុជាតា​ដែល​ស្រែក​ជេរស្តី​ឲ្យ​អ្នក​បម្រើ​ទាំងឡាយ​នោះ ​បានរំខាន​ដល់​ការ​ទេសនា​របស់​ព្រះ​អង្គ ។

ព្រះ​ពុទ្ធ​បាន​មាន​ពុទ្ធដីកា​ឲ្យ​គេ​ហៅ​នាង​សុជាតា​មក​ស្តាប់​បទទេសនា​របស់​ព្រះអង្គ ។ បទទេសនា​នោះ​​បាន​ទទួល​ការ​ពេញនិយម និង មាន​ឈ្មោះ​ម្យ៉ាង​ទៀត​ថា​ បទទេសនា​អំពី​ក្រមសីលធម៌​ល្អ​សម្រាប់​ភរិយា​ទាំងឡាយ ។

នៅ​ក្នុង​បទទេសនា​​ ទូន្មាន​នាង​ សុជាតា​នោះ ព្រះពុទ្ធ​​បាន​បង្រៀន ​នាង​សុជាតា​ អំពី​ភរិយា​ ៧ ប្រភេទ ។
ប្រពន្ធ​ ៣ ប្រភេទ​ខាង​ដើម​​នឹង​នាំ​មក​នូវ​អពមង្គល​ (នៅ​ក្នុង​ជាតិ​នេះ​និង​អនាគតជាតិ) ។


(១) ភរិយា​បង្គ​ជម្លោះ ឬ វធកៈ ឬ​ វធកភរិយា :
មាន​ន័យ​ម្យ៉ាង​ទៀត​ថា ភរិយា​បង្ក​បញ្ហា និង ភរិយាចង​អាឃាត ។ ភរិយា​​នៅ​ក្នុង​ក្រុម​នេះ​ គ្មាន​ចិត្ត​អាណិតអាសូរ គឺចូលចិត្ត​ញ៉ែប៉ប្រែ​ជាមួយ​ប្រុសៗ និង មិន​ចូលចិត្ត​ធ្វើការងារឡើយ ព្រមទាំង​​មើលងាយ​ស្វាមី​ទៀត​ផង ។

(២) ភរិយា​ចោរ ឬ​ ចោរិសមៈ ឬ ចោរភរិយា: មាន​ន័យ​ម្យ៉ាង​ទៀត​ថា ភរិយា​ជា​ចោរប្លន់។
ភរិយា​នៅ​ក្នុង​ក្រុម​នេះ ​ចាយវាយ​ទ្រព្យសម្បត្តិ​គ្រួសារ​​ខ្ជះខ្ជាយ​ និង មិន​​ស្មោះត្រង់​នឹង​ប្តី ជា​ពិសេស​ទាក់ទង​នឹង​រឿង​លុយកាក់ ។

(៣) ភរិយា​ជា​ស្ត្រី​កំណាន់ ឬ​អយ្យសមៈ ឬ​ អយ្យាភរិយា ឬ​ ស្វាមីភរិយា:
មាន​ន័យ​ម្យ៉ាង​ទៀត​​ថា ភរិយា​ជា​ម្ចាស់ ។ ភរិយា​នៅ​ក្នុង​ក្រុម​នេះ​ គឺ​ជា​ស្ត្រី​​មាន​ល្បិច​ខ្ពស់ មាន​ចិត្ត​សាហាវ និង មាន​សម្តី​អាក្រក់ ព្រម​ទាំង​​ខ្ជិល​ច្រអូស និង ចូលចិត្ត​បញ្ជា​ប្តី ។

ព្រះ​ពុទ្ធ​ទ្រង់​បាន​សំដែង​ថា ភរិយា​ ៤ ពួក​ខាង​ក្រោមនេះ ​នឹង​នាំ​មក​នូវ​សុភមង្គល នៅ​ក្នុង​ជាតិ​នេះ​និង​អនាគតជាតិ ។ ចំណុច​រួម​នៃ​ភរិយា​ទាំង​ ៤ ពួក​នេះ​គឺ​ថា   ពួក​គេ​ពោ​ពេញ​ទៅ​ដោយ​ចិត្ត​​​  អាច​គ្រប់គ្រង​ខ្លួន​ឯង ។ ភរិយា​ទាំង​ ៤ ពួក​នោះ​គឺ ៖


(១) ភរិយា​ប្រៀបដូច​ជា​មាតា ឬ​ មាតុសមៈ ឬ​ មាតុភរិយា :
នាង​ចាត់​ទុក​ប្តី​របស់​នាង​ដូច​ជា​កូន​ប្រុស​​ម្នាក់​ នៅ​ក្នុង​គ្រប់​កាលទេស ។ នាង​ប្រព្រឹត្ត​ ចំពោះ​ប្តី​នាង​ដោយ​ចិត្ត​ករុណា សណ្តោស និង ថែទាំ​ទ្រព្យ​សម្បត្តិ​ប្តី​ជានិច្ច ។

(២) ភរិយា​ប្រៀបដូច​ប្អូន​ស្រី ឬ ភគិនិសមៈ ឬ ភគិនីភរិយា :
នាង​ទទួល​យក​ការ​សម្រេច​ចិត្ត​របស់​ប្តី​នាង ​ដូច​ជា​នាង​ស្តាប់​ការ​សម្រេច​ចិត្ត​របស់​បង​ប្រុស​នាង​ដែរ ។ នាង​មាន​ចរឹត​រមទម្យ និង ចុះញ៉ម​ចំពោះ​ចៅហ្វាយនាង (ប្តី​នាង) និង ធ្វើ​អ្វីៗ​​គ្រប់​យ៉ាង​ដើម្បី​បំពេញ​បំណង​ប្តី ។

(៣) ភរិយា​ជា​មិត្តឬ​ សខិភរិយា :
ពាក្យ​ថា សខៈ មាន​ន័យ​ថា មិត្ត​ជិតស្និទ្ធ ដែល​ផ្ទុយ​ពី​ពាក្យ​ថា មិត្ត​ទើប​ស្គាល់​ថ្មីថ្មោង ។ ភរិយា​នៅ​ក្នុង​ក្រុម​នេះ​អាច​ហៅ​ម្យ៉ាង​ទៀត​ថា សខិភរិយា ប្រែថា ភរិយា​ជា​មិត្ត​រួម​ជីវិត។ នាង​ស្រឡាញ់​ប្តី​នាង​ដូច​ជា​នាង​ស្រឡាញ់​មិត្ត​សម្លាញ់​របស់​នាង​ដែរ ។ នាង​ធ្វើ​អ្វីៗ​គ្រប់​យ៉ាង​ដើម្បី​ជួយ​ស្វាមី​នាង ។

(៤) ទាសភរិយា ឬ​ ទាសីសមៈ ឬ ទាសីភរិយា :
ពាក្យ​ថា ទាសី ជា​ពាក្យ​ក្នុង​ភាសា​បាលី ប្រែថា ស្ត្រី​ជា​អ្នក​បម្រើ ឬ ស្រីបម្រើ ។ ន័យ​ម្យ៉ាង​ទៀត​ ភរិយា​នៅ​ក្នុង​ក្រុមនេះ​អាច​​មាន​ន័យ​ថា​ ប្រពន្ធ​ដែល​បម្រើ​ប្តី​ដូច​ស្រី​បម្រើ ។ ភរិយា​ប្រភេទ​នេះ​មាន​ចិត្ត​ខន្តី, គ្មាន​ចិត្ត​ក្រោធខឹង និង ចុះចូល​ចំពោះ​ប្តី​ទោះ​បី​ប្តី​ខឹង​សម្បា​យ៉ាង​ណា​ក៏​ដោយ ។ នាង​គឺ​ជា​មនុស្ស​ចុះញ៉ម​​​យល់​ព្រម​ទទួល​យក​ការ​វាយវាត់​ធ្វើបាប​លើ​រាងកាយ​ទោះ​បី​ប្តី​ចង់​ធ្វើ​យ៉ាង​ណា​ចំពោះ​ខ្លួន​ក៏​ដោយ ។ នាង​នឹង​ចុះញ៉ម​​ចំពោះ​ប្តី​ដោយ​គ្មាន​សួរ​នាំ​បន្តិច​សោះ​ឡើយ ។

បន្ទាប់​ពី​បទទេសនា​នេះ នាង​សុជាតា​មាន​ចិត្ត​រីករាយ​ចំពោះ​ពាក្យពេចន៍​របស់​ព្រះពុទ្ធ ។ នៅ​ពេលព្រះពុទ្ធ​ទ្រង់​សួរ​នាង​ថា តើ​នាង​ចង់​ក្លាយ​ជា​ភរិយា​ប្រភេទ​ណា​មួយ នាង​សុជាតា​បាន​ឆ្លើយ​តប​ថា ៖ “ខ្ញុំ​ព្រះ​ករុណា​នឹង​ក្លាយ​ជា​ភរិយា​ប្រភេទ​ចុង​ក្រោយ​បំផុត គឺ​ជា​ទាសភរិយា​របស់​ស្វាមី​ខ្ញុំ​ព្រះករុណា ។” គ្រួសារ​របស់​នាង​សប្បាយ​ចិត្ត​យ៉ាង​ខ្លាំង ហើយ​ចាប់​ពី​ថ្ងៃ​នោះ​តទៅ នាង​គឺ​ជា​ស្រីបម្រើ​របស់​ប្តី​នាង ។

បញ្ចេញមតិយោបល់ 

Array