ត្រៃលក្ខណ៍

ពាក្យ​ថា ត្រៃលក្ខណ៍ (ត្រៃ + លក្ខណៈ) ប្រែ​ថា​ លក្ខណៈ ៣ ដែល​ភាសា​បាលី​ហៅ​ថា តិលក្ខណៈ និង ភាសា​សំស្រ្កឹត​ហៅ​ថា​ ត្រីលក្សណៈ ។ តាម​ទ្រឹស្តី​​ពុទ្ធសាសនា ត្រៃលក្ខណ៍ គឺ​ជា លក្ខណៈ ៣ នៃ​ធម៌ ដែល​មាន​អត្ថិភាព (existence) ពោល​គឺ អ្វីៗ​ទាំងអស់ ដែលតាក់តែងដោយបច្ច័យ ។

ត្រៃលក្ខណ៍ មាន​៖

  1. អនិច្ចំ  ប្រែ​ថា សេចក្តីមិនទៀង
  2. ទុក្ខំ  ប្រែ​ថា សេចក្តីឈឺចាប់ ឬ ការមិនពេញចិត្ត
  3. អនត្តា  ប្រែ​ថា​ មិនមែនខ្លួន ។

ការយល់ច្បាស់​សព្វគ្រប់​អំពី​លក្ខណៈ​ទាំង ៣ នេះ អាច​​ជួយ​​មនុស្ស​​បញ្ចប់​សេចក្តីទុក្ខបាន។ ​ព្រះពុទ្ធ​បាន​បង្រៀន​ថា អ្វីៗ​ទាំង​អស់​ដែល​តាក់តែង​ឡើង​​ដោយ​បច្ច័យ (សង្ខារ) ជា​របស់មិនទៀង និង ជាទុក្ខ ។ ព្រះអង្គ​ក៏​មាន​ព្រះ​បន្ទូល​ថា អនត្តា​ ជា​ធម៌​ពន្យល់​ថា​ គ្មានអញ ឬ របស់អញ ក្នុង​អ្វីៗ​ដែល​មាន​​បច្ច័យ​តាក់តែង និង អ្វីៗ​ដែល​គ្មាន​បច្ច័យ​តាក់តែង​ (ដូច​ជា​និព្វាន) ។

ព្រះសិទ្ធត្ថ​បានសម្រេចព្រះនិព្វាន និង សម្មាសម្ពោធិញ្ញាណ បន្ទាប់ពីបានធ្វើសមាធិយ៉ាងបរិបូណ៌ ហេតុនេះ​ទើប​ ព្រះអង្គ​ត្រូវ​បាន​ហៅ​ថា​​ព្រះពុទ្ធ​សក្យមុនី (មនុស្ស​​នៃ​ត្រកូល​សក្យ​ដែល​ប្រកប​ដោយ​បញ្ញា​​ និង បាន​ជា​ព្រះ​ពុទ្ធ​) ។ ដោយសារបញ្ញិន្រ្ទិយ (ឥន្រ្ទិយ គឺ បញ្ញា) ព្រះពុទ្ធទ្រង់ដឹងដោយផ្ទាល់ថា អ្វីៗនិមួយៗក្នុងរូបលោកនេះ (និង​អ្វីៗ​ក្នុងបាតុភូតវិទ្យា និងចិត្តវិទ្យា) សំគាល់​បាន​ដោយ​លក្ខណៈ ៣ នេះ ។


អនិច្ចំ ​ជា​ពាក្យ​ក្នុង​ភាសា​បាលី ដែល​ភាសា​​សំស្ក្រឹត​ហៅ​ថា អនិត្យា ប្រែ​ថា​ មិនទៀង ឬ មិនស្ថិតស្ថេរ ។ ពាក្យ​នេះ​តម្រង់​ទៅ​លើការពិត​ដែលថា ធម៌ទាំងអស់ ដែលតាក់តែងដោយបច្ច័យ (សង្ខារ) មានដំណើរប្រែប្រួលជានិច្ច ។ តាម​ពិត​គ្មាន​ធម៌​ឯណា ដែល​សាបសូន្យក្នុងទីបំផុតទេ អាការៈខាងក្រៅរបស់វាប៉ុណ្ណោះ ដែលសាបសូន្យ ព្រោះវាផ្លាស់ប្តូរពីធម្មជាតិមួយ ទៅធម្មជាតិមួយផ្សេង​ទៀត ។ ឧបមាដូចជាស្លឹកឈើ ដែលធ្លាក់ចុះលើដី ហើយរលាយ​បាត់ទៅ ។ នៅពេលដែលរូបរាង និង​វត្តមាន​របស់​ស្លឹកឈើ​បានសាបសូន្យទៅ គ្រឿង​ដែលបង្កើតស្លឹកឈើ បានក្លាយទៅជាលំអងល្អិតៗ ដែលអាចបន្តឲ្យដើមឈើថ្មី កើតឡើង ។ ពុទ្ធសាសនា​បង្រៀន​មនុស្ស​ឲ្យ​ប្រកាន់​យក​មាគ៌ា​កណ្តាល (ឧបេក្ខា) ដោយជៀសវាង​នូវទស្សនៈហួសហេតុ គឺសស្សតទិដ្ឋិនិយម និង ឧច្ឆេទទិដ្ឋិនិយម។

ទុក្ខំ ​ជា​ពាក្យ​ក្នុង​ភាសា​បាលី ដែល​ភាសា​​សំស្ក្រឹត​ហៅ​ថា ទុហ៍ខា ប្រែ​ថា សេចក្តីមិនពេញចិត្ត ហើយ​ក៏​អាច​​ប្រែថា សេចក្តី​ឈឺចាប់​ដែរ ។ គ្មានអ្វីដែលគេរកឃើញ នៅក្នុងរូបលោក សូម្បីអរូបលោកក៏ដោយ ដែលអាចនាំមក នូវ​សេចក្តី​ពេញចិត្ត​ជ្រៅ​ហើយ​ស្ថិតស្ថេរ ។

អនត្តា ​ជា​ពាក្យ​ក្នុង​ភាសា​បាលី ដែល​ភាសា​​សំស្ក្រឹត​ហៅ​ថា អនត្ម័នប្រែ​ថា មិន​មែន​ខ្លួន​ ប្រើ​ក្នុង​សូត្រ​ជា​នាម​ផង ជា​គុណនាម​ផង សម្រាប់​ចង្អុល​បង្ហាញ​ថា បាតុភូតទាំងឡាយមិនមែនជា ឬ​មិនមាន​ខ្លួនដែលស្ថិតស្ថេរ, ដើម្បី​រៀបរាប់​អ្វី​មួយ និង អ្វី​ទាំងអស់ ដែលជាធម្មជាតិ ដែលកើតដោយ​ការ​ផ្គុំធាតុ ដែលមានខ្លឹមសារដូចគ្នា​ ដែល​ជា​បាតុភូត​និង​ជា​លោកិយ រាប់​ចាប់​តាំង​​ពីចក្រវាឡ  រហូត​ដល់អតិសុខុមលោក ពោល​គឺ​ចាប់​ពី​វត្ថុ​ដ៏​ធំបំផុត រហូត​ដល់​វត្ថុ​ដ៏​តូចបំផុត ដែល​ទាក់ទង​នឹង​រូបកាយ ឬ លោកធាតុ​ខាងក្រៅ ថែមទាំង​មនោទុច្ចរិត ណាមួយ និង ទាំងអស់ ដែល​ជា​ធម្មជាតិ​មិនស្ថិតស្ថេរ ។


 

✍ បញ្ចេញមតិយោបល់ Array