ទ្រព្យគឺសទ្ធា ទ្រព្យគឺសីល ទ្រព្យគឺហិរិ ទ្រព្យគឺឱត្តប្បៈ ទ្រព្យគឺសុតៈ ទ្រព្យគឺចាគៈ ទ្រព្យគឺបញ្ញា ជាគម្រប់ ៧ ។ បុគ្គលណា ទោះស្ត្រីក្ដី បុរសក្ដី មានទ្រព្យទាំងនេះ អ្នកប្រាជ្ញទាំងឡាយ ហៅបុគ្គលនោះថាជាអ្នកមិនទ័លក្រឡើយ ការរស់នៅរបស់បុគ្គលនោះ មិនសោះសូន្យឡើយ ។ ហេតុនោះ អ្នកប្រាជ្ញ កាលរលឹកនូវពាក្យប្រៀនប្រដៅរបស់ព្រះពុទ្ធទាំងឡាយ គប្បីប្រកបរឿយៗ នូវសទ្ធា សីល សេចក្ដីជ្រះថ្លា និងការឃើញនូវធម៌ ។ ( បិដកលេខ ៤៧ ទំព័រ ៧ ) បណ្ដាបទទាំងនោះ ទ្រព្យគឺសទ្ធា ឈ្មោះថា សទ្ធាធនំ ដោយអត្ថថា បានចំពោះនូវសម្បត្តិ ។ ក្នុងបទទាំងពួង ក៏មានន័យដូចគ្នា ។ ក៏បណ្ដាអរិយទ្រព្យទាំងនេះ ទ្រព្យគឺបញ្ញាប្រសើរជាងទ្រព្យទាំងពួង ។ ព្រោះថា សត្វទាំងឡាយតាំងនៅក្នុងបញ្ញាហើយ បំពេញសុចរិត ៣ សីល ៥ សីល ១០ ឱ្យបរិបូណ៌ រមែងចូលដល់សួគ៌ គឺ រមែងចាក់ធ្លុះ នូវសាវកបារមីញាណ បច្ចេក ពោធិញ្ញាណ និងសព្វញ្ញុតញ្ញាណបាន ។ បញ្ញា លោកហៅថា ទ្រព្យគឺបញ្ញា ព្រោះជាហេតុនៃការបានចំពោះនូវសម្បត្តិទាំងអស់នេះ ។ ក៏អរិយទ្រព្យទាំង ៧ប្រការនេះ លោកពោលលាយគ្នាទាំងលោកិយ ទាំងលោកុត្តរដោយប្រការដូច្នេះ ។ |