សមាគមគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុកំពុងប្រជុំជាមួយតំណាងសមាជិករបស់ខ្លួនដែលមានជាងមួយរយ (១១៤) គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដើម្បីរកនីតិវិធីជួយសម្រួលដល់ពលរដ្ឋតាមសំណើរដ្ឋាភិបាល។
អ្នកនាំពាក្យសមាគមគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុលោក កាំង តុងងី មិនទាន់អាចវាយតម្លៃបានថា ខាងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនីមួយៗនឹងអាចជួយបញ្ចុះការប្រាក់បានកម្រិតណាឬក៏ជួយពន្យារពេលសងប្រាក់ត្រឡប់បានប៉ុន្មានខែទេ។ តែលោកឲ្យដឹងថា នៅសប្ដាហ៍ក្រោយខាងសមាគមនឹងចេញប្រកាសអំពីនីតិវិធីក្នុងការជួយសម្រួលនេះ។ លោកបន្តថា សមាគមនឹងស្ដាប់តាមការណែនាំរបស់រដ្ឋាភិបាលហើយខិតខំរកនីតិវិធីដើម្បីឈានដល់ការជួយសម្រួលពលរដ្ឋក្នុងស្ថានភាពនេះ៖ «យើងពិនិត្យមើលក្នុងទិដ្ឋភាពផ្លូវច្បាប់ក្នុងទិដ្ឋភាពប្រតិបត្តិការវាយ៉ាងម្ដេច? អ៊ីចឹងណា។ អ៊ីចឹងយើងកំពុងតែជជែកជាមួយអ្នកពាក់ព័ន្ធនៅក្នុងវិស័យហ្នឹង ដើម្បីដឹងថា ឥឡូវយើងត្រូវចេញរបៀបម្ដេច? យើងអ្វីមានលក្ខខណ្ឌគ្រប់គ្រាន់បច្ចេកទេសអ្វីគ្រប់គ្រាន់។ ប៉ុន្តែជាគោលការណ៍រួម គឺសមាគមមីក្រូហិរញ្ញវត្ថុយើងហ្នឹងគោរពតាមការស្នើសុំការអំពាវនាវរបស់រដ្ឋាភិបាលក្នុងការជួយដល់អតិថិជនរបស់យើងក្នុងពេលរងផលប៉ះពាល់»។
សមាគមគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនិងសមាគមធនាគារនៅកម្ពុជាបានចេញសេចក្ដីថ្លែងការណ៍រួមគ្នាកាលពីថ្ងៃទី០៧ ខែមេសា ដាក់ចេញផែនការ ៦ ចំណុចដើម្បីគាំពារ និងជួយសម្រួលដល់ការសងត្រឡប់របស់អតិថិជនក្នុងពេលកំពុងរីករាលដាលជំងឺកូវីដ១៩ ធ្ងន់ធ្ងរដោយផ្ដោតសំខាន់លើកូនបំណុលដែលកើតជំងឺកូវីដ ១៩ និងកូនបំណុលជាប់កាតព្វកិច្ចចត្តាឡីស័ក។