ប្រជាពលរដ្ឋមួយចំនួនរស់នៅរាជធានីភ្នំពេញ ស្នើរដ្ឋាភិបាលទប់ស្កាត់ទំនិញឡើងថ្លៃអំឡុងរីករាលដាលជំងឺកូវីដ–១៩។ អ្នកឃ្លាំមើលជំរុញឱ្យរដ្ឋាភិបាលដាក់ចេញនូវវិធានការទប់ស្កាត់ទំនិញឡើងថ្លៃ ដើម្បីស្ដារ និងជួយកាត់បន្ថយបន្ទុករបស់ប្រជាពលរដ្ឋ ដែលពួកគាត់កំពុងរងគ្រោះដោយសារជំងឺកូវីដ១៩។
ពលរដ្ឋមួយចំនួនរស់នៅរាជធានីភ្នំពេញត្អូញត្អែរអំពីទុក្ខលំបាករបស់ពួកគាត់ ដែលពុំមានលទ្ធភាពទិញស្បៀងអាហារបំរុងសម្រាប់ស្នាក់នៅផ្ទះ ខណៈអាជ្ញាធរដាក់ចេញនូវវិធានការរឹតបន្តឹងបិទខ្ទប់តំបន់ពួកគាត់។
ប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ លោក ម៉ៅ ឆន ប្រាប់អាស៊ីសេរីថា ពួកគាត់ កំពុងជួបទុក្ខលំបាក និងរងគ្រោះដោយសារវិបត្តិជំងឺកូវីដ១៩ ហើយបែរជាទំនិញលើទីផ្សារសម្រុកឡើងថ្លៃ។ លោកបញ្ជាក់ថា សាច់ជ្រូកតម្លៃធម្មតា២ម៉ឺន ៥ពាន់រៀល ឡើងដល់៣ម៉ឺន ៥ពាន់រៀល ក្នុងមួយគីឡូក្រាម ចំណែកសាច់គោតម្លៃធម្មតា ៣ម៉ឺន ៥ពាន់រៀល ឡើងដល់ ៤ម៉ឺន ៥ពាន់រៀលក្នុងមួយគីឡូក្រាម រីឯអង្ករតម្លៃធម្មតា ១២ម៉ឺនរៀល ឡើងដល់១៤ម៉ឺនរៀលក្នុងមួយបេ ឬ(៥០គីឡូក្រាម) និងមុខទំនិញផ្សេងទៀត ក៏ឡើងថ្លៃដូចគ្នាដែរ។ បុរសរូបនេះទទូចឱ្យរដ្ឋាភិបាលគួរអន្តរាគមន៍ទៅភាគីពាក់ព័ន្ធ ដើម្បីជួយសម្រួលបញ្ចុះតម្លៃទំនិញចាំបាច់ទាំងនេះ ខណៈប្រជាពលរដ្ឋកំពុងរងគ្រោះ។ លោកព្រួយបាម្ភថា ប្រសិនបើអាជ្ញាធរបង្កើនការរឹតបន្តឹងបិទខ្ទប់ជាងនេះទៀត នឹងធ្វើឱ្យប៉ះពាល់ដល់ជីវភាពរបស់ប្រជាពលរដ្ឋកាន់តែខ្លាំង។ លោកស្នើរដ្ឋាភិបាលជួយឧបត្ថម្ភស្បៀងអាហារដល់ប្រជាពលរដ្ឋកំពុងរងគ្រោះដែលកំពុងស្នាក់នៅតាមផ្ទះ៖ «ក្នុងនាមខ្ញុំជាប្រជាពលរដ្ឋ គឺខ្ញុំសំណូមពររដ្ឋាភិបាលធ្វើយ៉ាងមិចជួយសម្រួលទំនិញលើទីផ្សារហ្នឹង កុំឱ្យមានការឡើងថ្លៃ អាចគាត់ធ្វើជាសេចក្តីអំពាវនាវមួយទៅដើម្បីឱ្យខាងអាជីវករ ក៏ដូចជាម្ចាស់ផ្សារមួយចំនួន ពិសេសវិនិយោគនៅលើទីផ្សារមួយចំនួនដែលគេអាចនាំមកលក់ហ្នឹងកុំឱ្យឡើងថ្លៃ ឬអាចបញ្ចុះថ្លៃជាងហ្នឹងទៅ សូម្បីសាំងក៏ដោយនៅពេលហ្នឹងអត់មានការចុះថ្លៃនៅថ្លៃដដែល វាជាបញ្ហាសម្រាប់ប្រជាពលរដ្ឋមែនទែន ពេលនេះរកចំណូលអត់បានផងហ្នឹង»។

