ភ្នំពេញ —
ក្រសួងសុខាភិបាលកម្ពុជានៅថ្ងៃច័ន្ទនេះ បានឲ្យដឹងថាមនុស្ស២៧៧នាក់ ត្រូវបានរកឃើញឆ្លងជំងឺកូវីដ១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ខណៈករណីស្លាប់បានកើនឡើងដល់៣០នាក់។
នៅក្នុងសេចក្តីប្រកាសព័ត៌មានមួយ ក្រសួងសុខាភិបាលឲ្យដឹងថាមនុស្ស២៧៧នាក់បានឆ្លងវីរុសជំងឺកូវីដ១៩ ដែលនាំឲ្យករណីឆ្លងសរុបចាប់ពីថ្ងៃទី២០ ខែកុម្ភៈ មានចំនួន៣.៩៨២នាក់។ ករណីឆ្លងដែលប្រកាសនៅថ្ងៃនេះ មាន២០៤នាក់នៅរាជធានីភ្នំពេញ។ ចំណែកក្នុងខេត្តពោធិ៍សាត់ ដែលឆ្លងរាលដាលថ្មីៗនេះ មានចំនួន៣នាក់ ដែលរស់នៅក្នុងឃុំស្នាមព្រះ ស្រុកបាកាន។ ក្នុងខេត្តកណ្តាល ក៏មានអ្នកឆ្លង២៣នាក់ និងស្វាយរៀង៤៣នាក់ផងដែរ។
នៅថ្ងៃច័ន្ទនេះ ក្រសួងក៏បានប្រកាសថាស្រ្តីជនជាតិខ្មែរម្នាក់ អាយុ៦១ឆ្នាំ រស់នៅក្នុងសង្កាត់ព្រែកព្នៅ រាជធានីភ្នំពេញ បានស្លាប់កាលពីថ្ងៃទី១១ ខែមេសា វេលាម៉ោង៦និង៣០នាទីល្ងាច ដោយសារជំងឺកូវីដ១៩។ ករណីស្លាប់ចុងក្រោយនេះ នាំឲ្យករណីស្លាប់សរុបក្នុងប្រទេសកម្ពុជា បានកើនដល់៣០នាក់។ នៅថ្ងៃនេះ ក្រសួងសុខាភិបាលក៏បានប្រកាសករណីជាសះស្បើយចំនួន៦០នាក់ផងដែរ។
កាលពីថ្ងៃទី១០ ខែមេសា អង្គការសុខភាពពិភពលោក(WHO)ប្រចាំនៅកម្ពុជា បានព្រមានពីគ្រោះមហន្តរាយដែលនឹងកើតឡើង ដោយសារជំងឺកូវីដ១៩ ដោយអំពាវនាវឲ្យពលរដ្ឋកម្ពុជាទាំងអស់ចូលរួមសកម្មភាពប្រកបដោយទំនួលខុសត្រូវ ក្នុងអំឡុងពេលចូលឆ្នាំខ្មែរ និងបន្តទៅមុខទៀត។