ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​អំពាវនាវ​ឲ្យ​ដោះលែង​អ្នក​ជាប់ឃុំ​​នៅ​មីយ៉ាន់ម៉ា​និង​បញ្ចប់​អំពើ​ហិង្សា។

ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ បាន​អំពាវនាវ​ម្តង​ទៀត​ឲ្យ​មាន​ការ​ដោះលែង​អ្នក​ជាប់​ឃុំ​ទាំងអស់​ជាបន្ទាន់​នៅ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា រួម​ទាំង​លោក​ស្រី Aung San Suu Kyi ទីប្រឹក្សា​រដ្ឋ​និង​លោក​ប្រធានាធិបតី Win Myint ហើយ​ឲ្យ​បញ្ចប់​អំពើ​ហិង្សា។

នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍មួយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ បាន​សម្តែង​នូវ​ក្តី​បារម្ភ​យ៉ាង​ខ្លាំងចំពោះ« ស្ថានការណ៍​ដែល​ធ្លាក់​ដុនដាប​កាន់តែ​ឆាប់​រហ័ស» នៅក្នុង​ប្រទេស​មីយ៉ាន់ម៉ា​ហើយ​បាន​ថ្កោលទោស​យ៉ាង​ខ្លាំង​ដល់​ការប្រើ​កម្លាំង​ដ៏​សាហាវ​ដោយ​កង​កម្លាំងសន្តិសុខ​និង​ប៉ូលិស​ប្រឆាំង​នឹង​ក្រុម​បាតុករ​គាំទ្រ​លទ្ធិ​ប្រជាធិបតេយ្យ​ដោយ​សន្តិវិធី​និង​ការ​ស្លាប់​ជន​ស៊ីវិល​រាប់​រយ​នាក់ រួម​ទាំង​ស្ត្រី​និង​កូនក្មេង​ផង។​

ក្រុមប្រឹក្សា​សន្តិសុខ​ក៏​បាន​អំពាវនាវ​ដល់​ពួក​យោធា​ឲ្យ «អនុវត្ត​ប្រកប​ដោយ​ការអត់ធ្មត់​បំផុត» ហើយ​ឲ្យ​ភាគី​ទាំងអស់​«ទប់​កុំឲ្យ​មាន​អំពើ​ហិង្សា»។